(អាមេរិក)៖ នៅទីបំផុត ក្រោយពេលសាកល្បងអស់ជាច្រើនខែ បណ្ដាញទំនាក់ទំនងសង្គម Facebook បាន​ដាក់​ឲ្យ​ប្រើប្រាស់ជាផ្លូវការនូវមុខងារថ្មីមួយទៀតគឺ អាច Upload វីដេអូចូលទៅក្នុងប្រអប់ Comments នេះបើយោងតាមការ​ចេញផ្សាយនៅលើប្លក់របស់ Facebook ផ្ទាល់ នារសៀលថ្ងៃទី១០ ខែមិថុនា។

យោងតាមសេចក្ដីប្រកាសបានឲ្យដឹងថា ការអនុញ្ញាតឲ្យ Upload វីដេអូចូលទៅក្នុងប្រអប់ Comments នេះគឺត្រូវបាន​ដាក់ឲ្យប្រើនៅទូទាំងពិភពលោក មិនថាប្រអប់ Comments របស់ Page, Post, Groups នោះទេ គឺសុទ្ធសឹងតែ​អាច​ Upload ចូលបាន ជាពិសេសគឺ​អាចប្រើបានទាំងនៅលើកុំព្យូទ័រ, វេបសាយ ព្រមទាំងប្រព័ន្ធដំណើរការ Android និង iOS។

គួរបញ្ជាក់ផងដែរថា ការអនុញ្ញាតឲ្យអ្នកប្រើប្រាស់ Upload វីដេអូចូលក្នុង Comments នេះ គឺដើម្បីឲ្យការទំនាក់ទំនងរវាងអ្នកលេង Facebook ទាំងអស់ កាន់តែមានភាពស្និទ្ធស្នាល និងទូលំទូលាយ៕