(បន្ទាយមានជ័យ)៖​ អាគារថ្មី នៃអធិការដ្ឋាន នគរបាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានបង្ហាញវត្តមាន ដើម្បីផ្តល់កន្លែងធ្វើការយ៉ាងត្រជាក់ និងមានផាសុកភាព ដល់កងកម្លាំងនគរបាលក្រុងទាំងអស់ ងាយស្រួលក្នុងបំរើពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

ការ​សម្ពោធឲ្យប្រើប្រាស់អាគារថ្មីដែលមានតម្លៃជាង២០មឺុនដុល្លារ បានធ្វើឡើងនៅរសៀលថ្ងៃទី១០​​ ខែមិថុនា ឆ្នាំ២០១៦ ក្រោមវត្តមានលោក​ឧត្តមសេនីយ៍ទោ អាត់ ខែមស្នងការនគរបាលខេត្ត អាជ្ញាធរក្រុង សង្កាត់ និងសប្បរសជនជាច្រើនរូបទៀត។

អធិការនគរបាល ក្រុងប៉ោយប៉ែត លោក អ៊ុ សុផល បានថ្លែងឲ្យដឹងថា កម្លាំងនគរបាល ទាំងថ្នាក់ អធិការដ្ឋាន និងនគរបាល តាមបណ្តាប៉ុស្តិ៍ នាំគ្នាធ្វើពលកម្ម នាំគ្នាជួយ ជញ្ជូនដែក ជញ្ជូនថ្ម ដើម្បីសាងសង់អគារ អធិការដ្ឋាន នគរបាលថ្មី ស្រឡាង ដែលបានបង្ហាញវត្តមាននៅពេលនេះ។

លោក អ៊ុំ សុផល បានលើកឡើងថា ដោយលោកឧត្តមសេនីយ៍ទោស្នងការខេត្ត​បានផ្តួចផ្តើមគំនិត ធ្វើចលនា រៃអង្គាស និងសុំការ ឧបត្ថម្ភ ពីសប្បុរសមួយចំនួន រហូតធ្វើឲ្យមានថវិកាគ្រប់គ្រាន់ ដើម្បីកសាងអាគារថ្មី ដែលមានតម្លៃជាង២០ម៉ឺនដុល្លារ ជាការផ្តល់ទីកន្លែងធ្វើការត្រជាក់ចិត្ត ដល់មន្រ្តីនគរបាលទាំងអស់ អង្គុយធ្វើការជូនប្រជាពលរដ្ឋ។

ការសាងសង់ គឺចាក់អាចម៌ដី មានកំពស់ជាង១ម៉ែត្រ ហើយកសាងអគារ តែមួយខ្នង មានកំពស់ រហូតដល់២ជាន់ ហើយចែកចេញ ជាការិយាល័យនីមួយៗ សម្រាប់ឲ្យ កងកម្លាំងនគរបាល ធ្វើការងាយស្រួលទាន់ចិត្ត។

​​​ ក្នុងនោះដែរលោកឧត្តមសេនីយ៍ទោ ​អាត់ ខែមស្នងការខេត្តបានផ្តែផ្តាំដល់កងកម្លាំងនគរបាល​ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សា​សំអាត អាគារថ្មីនេះទើបតែបានបើកឲ្យប្រើប្រាស់ជាផ្លូវការ ចាប់ពីថ្ងៃនេះតទៅ​៕