(ឧត្តរមានជ័យ)៖ ក្រុមការងារកាកបាទក្រហមកម្ពុជា ដឹកនាំដោយលោកវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយកនៃនាយកដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយ របស់កាកបាទក្រហមកម្ពុជា រួមជាមួយ សាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ បានចុះពិនិត្យ និងជួយសាងសង់ របងស្រះទឹកសហគមន៍ចំនួន៥កន្លែង ក្នុងចំណោមស្រះទឹកទាំង១០កន្លែង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានសម្រេចផ្តល់ជូន កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅនេះ។

ស្រះទឹកដែលបានចុះពិនិត្យមើលទាំង៥កន្លែងនោះ មានទីតាំងស្ថិតនៅ៖ ១- នៅភូមិគោកសំរេច ឃុំក្រសាំង ស្រុកចុងកាល់។ ២- នៅភូមិជ្រឹងខាងលិច សង្កាត់កូនក្រៀល ក្រុងសំរោង។ ៣- នៅភូមិសាមគ្គី ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង។ ៤- នៅភូមិត្រពាំងតាវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង និង៥- នៅភូមិទួលក្រួស ឃុំថ្លាត ស្រុកអន្លង់វែង។

គួរបញ្ជាក់ផងដែរថា៖ ស្រះទឹកទាំង១០កន្លែងនោះ ដែលនឹងត្រូវធ្វើពិធីប្រគល់ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅពេលឆាប់ៗខាងមុខនេះ ដែលត្រូវបានទទួលសាងសង់ ដោយក្រុមការងារកងវិស្វកម្មរបស់ ឧត្តមសេនីយ៍ ខេង សុមេធ ក្នុងការជួយសម្រួល ដល់ការប្រើប្រាស់ទឹក របស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក និងរួមចំណែកដ៏ថ្លៃថ្លាជាមួយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយទឹកចិត្តមនុស្សធម៌ ហើយក្រុមការងារកងវិស្វកម្មនេះ បានសហការណ៍ យ៉ាងរលូនជាមួយក្រុមការងារ កាកបាទក្រហមកម្ពុជា និងរដ្ឋអំណាចមូលដ្ឋាន ដែលជំរុញឲ្យការងារបានលឿន ទាន់ពេលវេលា និងប្រកបដោយគុណភាព ដែលធ្វើឱ្យ ប្រជាពលរដ្ឋនៅតាមសហគមន៍ មានការត្រេកអរឥតឧបមារ ចំពោះគុណូបការៈ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់ស្រះទឹក ជូនពួកគាត់ទុកសម្រាប់ប្រើប្រាស់ ទៅថ្ងៃអនាគត។

គួររំលឹកផងដែរថា ចាប់ពីឆ្នាំ២០១២ រហូតមកដល់ពេលនេះ ខេត្តឧត្តរមានជ័យ បានទទួលស្រះទឹកចំនួន២៨ (ក្នុងនោះមានស្រះជួសជុល១) និងអណ្តូងចំនួន២៦ទៀត ពីកាកបាទក្រហមកម្ពុជា៕⁠⁠⁠⁠