(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងធម្មការ និងសាសនាលោក សេង សុមុនី នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦នេះ បានចេញមកច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់ទាំងឡាយ ទៅលើការ​ដឹកនាំរួម របស់លោក ហាក់ ហុន ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តត្បូងឃ្មុំ នាពេលកន្លងមកតាមបណ្តាញព័ត៌មាន និងតាមបណ្តាញសង្គម Facebook ជាដើម។

លោក សេង សុមុនី បានបញ្ជាក់ថា «នៅថ្ងៃនេះ ទេសរដ្ឋមន្ត្រី ហឹុម ឆែម រដ្ឋមន្ត្រី ក្រសួងធម្មការនិងសាសនា បានចាត់តាំងប្រតិភូ ១ ក្រុមចុះសិក្សាស្រាវជ្រាវ ការចោទប្រកាន់​ទៅលើ​លោក ហាក់ ហុន តាមរយ: សារព័ត៌មាន​និងព័ត៌មានសង្គម Facebook ជាបន្តបន្ទាប់»

បើតាមអ្នកនាំពាក្យរូបនេះ ការចោទប្រកាន់ទៅលើប្រធានមន្ទីររូបនេះ គឺទាក់ទងនឹងអំពើពុករលួយ ផ្សេងៗ នៅក្នុងមន្ទីរធម្មការនិងសាសនា ដោយលើកឡើង អំពីបញ្ហា មានលោកស្រី កែវ សុធារី ជាខ្នងបង្អែក យ៉ាងរឹងមាំ មិនអាចប៉ះពាល់បានផងនោះ។ លោក សេង សុមុនី បានបញ្ជាក់ថា " ក្រោយពីបានចុះទៅសិក្សាគ្រប់ស្ថានភាព បញ្ជាក់ ឲ្យឃើញថា មានការយល់ច្រឡំ"។

លោកថា  អ្នកព័ត៌មានទាំងនោះ ពុំបានទទួលទិន្នន័យព័ត៌មានជាក់លាក់ ហើយចុះផ្សាយ ដែលធ្វើឲ្យប៉ះពាល់ដល់ ការបំពេញភារកិច្ចមន្ត្រីរាជការ សាធារណ: របស់រដ្ឋ ដែលអនុវត្តការងារតាមនីតិវិធី នៃច្បាប់សហលក្ខន្តិក: មន្ត្រីរាជការសីុវិល ដូច្នេះ ករណីចោទថា ប្រធានមន្ទីរធម្មការ​និងសាសនាខេត្តត្បូងឃ្មុំ​បានប្រព្រឹត្តអំពើ​ពុករលួយនោះ ជារឿងមិនពិតទេ  ប្រតិភូក្រសួងធម្មការ​​និងសាសនា​ បានចុះអង្កេត សិក្សាលំអិត មានឯកសារ មានភស្តុតាង និងសាក្សីជាក់លាក់គ្រប់​គ្រាន់អស់ហើយ ហេតុនេះសូមសាធារណជន​មេត្តាជ្រាប៕