(ភ្នំពេញ)៖ រោងចក្រផលិតភេសជ្ជៈ លំដាប់លេខ១ នៅលើពិភពលោក OKF នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦នេះ បានចុះចែកអំណោយសប្បុរសធម៌ ជូនទៅដល់ក្មេងកំព្រា ដែលកំពុងរស់នៅ ក្នុងអង្គការលើកស្ទួយប្រជាពរដ្ឋ ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោក Lee Sang Sin អគ្គនាយកក្រុមហ៊ុនភេសជ្ជៈ OKF បានដឹកនាំបុគ្គលិកទៅចែកជូនអំណោយនេះដោយផ្ទាល់ ដែលអំណោយទាំងនោះរួមមាន៖ ភេសជ្ជៈ សម្ភារៈសម្រាប់សិស្សសិក្សា អង្ករ ភេសជ្ជៈ មី ថវិកាមួយចំនួន និងសម្ភារៈជាច្រើនមុខទៀត។

លោកស្រី នួន ភីមាន ជាប្រធានអង្គការលើកស្ទួយប្រជាពលរដ្ឋ បានបង្ហាញនៅក្ដីសប្បាយរីករាយជាពន់ពេក និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ទៅដល់ក្រុមហ៊ុន OKF ដែលបានផ្ដល់ជូនអំណោយសប្បុរសធម៌ ដល់អង្គការរបស់លោកស្រី។

លោកស្រីបានឲ្យដឹងទៀតថា ហេតុផលដែលបណ្ដាលឲ្យ លោកស្រីមានគំនិតបង្កើតអង្គការ សម្រាប់ជួយកុមារកំព្រានេះ ដោយសារតែលោកស្រីធ្លាប់បានឆ្លងកាត់ នៅជីវិតជាក្មេងកំព្រា និងដឹងថា កុមារទាំងអស់ត្រូវការជម្រក ការហូបចុកគ្រប់គ្រាន់ ការស្លៀកពាក់ និងត្រូវការការអប់រំ ព្រោះមានតែការអប់រំទេ ដែលជួយឲ្យប្រទេសជាតិរីកចំរើនបាន។

លោកស្រីបានបញ្ជាក់ទៀតថា សព្វថ្ងៃអង្គការលើកស្ទួយប្រជាពលរដ្ឋ របស់លោកស្រីមាន៣សាខា និងមានកុមារទាំងអស់ចំនួន១៤៤៥នាក់ ដែលក្នុងនោះមានស្រីចំនួនពាក់កណ្ដាល។

សូមបញ្ជាក់ថា ក្រុមហ៊ុន OKF ជាក្រុមហ៊ុនលំដាប់លេខ១ លើពិភពលោក និងមានភេសជ្ជៈជាង៧៥០ប្រភេទ និងបានចរាចរណ៍ ទីផ្សារចំនួន១៦០ប្រទេស និងជារោងចក្រ ដែលទទួលបាននូវមេដាយមាស និងវិញ្ញាបនប័ត្រ បញ្ជាក់ពីគុណភាព និងរសជាតិលំដាប់អន្តរជាតិផងដែរ៕