(ភ្នំពេញ)៖ លោកស្រី ហួត យ៉ារី ប្រធានមន្ទីអប់រំ រាជធានីភ្នំពេញ និងលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី១០ ខែមិថុនា​ ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំ​ក្នុងវិទ្យាល័យ​ជម្ពូវ័ន លើករណីលោកគ្រូ-អ្នកគ្រូ តាមសាលាមួយចំនួន ក្នុងខណ្ឌពោធិ៍សែនជ័យ នៅតែបន្តយកលុយពីសិស្ស បន្ទាប់ពីមន្ទីអប់រំ បានចេញសេក្តីប្រកាសមិនឲ្យយកលុយសិស្ស។

លោកស្រី ហួតយ៉ារី បានថ្លែងក្នុងកិច្ចប្រជុំនេះថា លោកគ្រូ-អ្នកគ្រូទាំងអស់ ត្រូវបញ្ឈប់រាល់សកម្មភាពប្រមូលពីសិស្សទាំងស្រុង ហើយត្រូវគោរពតាមក្រមសីលធម៍គ្រូបង្រៀនសេក្តីថ្លៃថ្នូរវិជ្ជាជីវៈគ្រូ មិនឲ្យបើករៀនគួរក្នុងសាលារដ្ឋ មិនត្រូវយកលុយសិស្សក្នុងម៉ោងបង្រៀនជាដាច់ខាត ដែលនាំឲ្យប៉ះពាល់ដល់ជីវភាព និងសង្គមផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ អង្គភាព Fresh News បានចុះផ្សាយថា «ឪពុកម្ដាយ និងអាណាព្យាបាលរបស់សិស្ស បានបន្ដការរិះគន់ថា លោកគ្រូ អ្នកគ្រូ ដែលបង្រៀននៅបឋមសិក្សាមួយចំនួន ក្នុងខណ្ឌពោធិ៍សែនជ័យ នៅតែបន្តយកលុយពីសិស្ស បើទោបីជាមន្ទីរអប់រំ បានចេញសេចក្ដីប្រកាសមិនឱ្យយកលុយក៏ដោយ»

សាលាបឋមសិក្សាដែលនៅតែបន្ដយកពីសិស្សនោះរួមមាន សាលាបឋមសិក្សាជម្ពូវ័ន សាលាបឋមសិក្សាទួលកី សាលាបឋមសិក្សា ព្រៃស្ពឺ សាលាបឋមសិក្សាអូឌឹម សាលាបឋមសិក្សាកន្ទោក សាលាបឋមសិក្សាត្រពាំងក្រសាំង និងសាលាបមឋសិក្សាមួយចំនួនទៀត ក្នុងខណ្ឌពោធិ៍សែនជ័យ សុទ្ធសឹងយកលុយថ្លៃសាលាពីសិស្សានុសិស្ស ក្នុងមួយថ្ងៃ៥០០រៀល សិស្សខ្លះត្រូវបង់ជាខែ ក្នុងមួយខែ ២ម៉ឺនរៀល ឬត្រូវបង់យ៉ាងតិច៣០០រៀល។