(ភ្នំពេញ)៖ ភាគីជប៉ុននៅតែប្រកាន់ជំហរបន្តជួយ គ.ជ.ប ក្នុងដំណើរការរៀបចំការបោះឆ្នោត ហើយក៏មិនលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ គ.ជ.ប នោះទេ គ្រាន់តែលើកទឹកចិត្តឱ្យ គ.ជ.ប បង្កើនកិច្ចសហការលើការងារអប់រំអ្នកបោះឆ្នោតជាមួយសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល និងបង្កើនដៃគូពិភាក្សាជាមួយគណបក្សនយោបាយ។

ខ្លឹមសារនេះត្រូវបានបង្ហាញឡើងតាមរយៈសេចក្តីប្រកាសព័ត៌មានស្តីពីជំនួបរវាងលោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជាមួយលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា នៅទីស្តីការ គ.ជ.ប នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ដើម្បីស្វែងយល់អំពីដំណើរការទូទៅនៃការបោះឆ្នោតនៅកម្ពុជា។

នាឱកាសនោះ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានឱ្យដឹងថា ប្រទេសជប៉ុននៅតែប្រកាន់ជំហរបន្តជួយ គ.ជ.ប ក្នុងដំណើរការរៀបចំការបោះឆ្នោត ជាក់ស្ដែងអ្នកជំនាញការជប៉ុនផ្នែកអប់រំអ្នកបោះឆ្នោត លោក តូម៉ូយូគិ តាតស៊ូមិ បាននិងកំពុងបំពេញការងារយ៉ាងសកម្មនៅទីស្ដីការ គ.ជ.ប លើគម្រោងបញ្ជ្រាបការយល់ដឹងអំពីសារៈសំខាន់នៃការបោះឆ្នោត ដែលជាស្នូលនៃលទ្ធិប្រជាធិបតេយ្យនៅតាមបណ្ដាគ្រឹះស្ថានសិក្សានៃរាជធានី ខេត្ត។

លោកឯកអគ្គរដ្ឋទូតបានបន្តថា «ប្រទេសជប៉ុនមិនលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ គ.ជ.ប ទេ ប៉ុន្តែលោកលើកទឹកចិត្តឱ្យ គ.ជ.ប បង្កើនកិច្ចសហការលើការងារអប់រំអ្នកបោះឆ្នោតជាមួយសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល និងបង្កើនដៃគូពិភាក្សាជាមួយគណបក្សនយោបាយ ពិសេសគណបក្សនយោបាយប្រឆាំង»

លោកបានបន្តទៀតថា តាមរយៈរបាយការណ៍បុគ្គលិកស្ថានទូតដែលធ្វើជាភ្ញៀវពិសេសរបស់ គ.ជ.ប ចូលរួមសង្កេតមើលដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ កន្លងមក តាមរយៈរបាយការណ៍របស់អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ រួមទាំងព័ត៌មានដែលទទួលបានពីគណបក្សនយោបាយមួយចំនួនដែលចូលរួមប្រកួតប្រជែងការបោះឆ្នោត លោកបានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ គ.ជ.ប ក្នុងការរៀបចំចាត់ចែង គ្រប់គ្រងការបោះឆ្នោតនេះបានល្អប្រសើរ ទោះបីមានបញ្ហាមួយចំនួនកើតឡើងខ្លះក៏ដោយ ព្រោះគ្មានការបោះឆ្នោតណាត្រូវបានធ្វើឡើងដោយល្អឥតខ្ចោះនោះទេ។

ជាមួយគ្នានោះ លោក ប្រាជ្ញ ចន្ទ បានឆ្លើយតបវិញថា គ.ជ.ប តែងតែបំពេញភារកិច្ចរបស់ខ្លួនដោយឈរលើគោលការណ៍ច្បាប់។ លោកបន្តថា ចំពោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលទើបតែបញ្ចប់ថ្មីៗនេះ ត្រូវបានមតិជាតិនិងអន្តរជាតិភាគច្រើនលើសលប់វាយតម្លៃថាបានប្រព្រឹត្តទៅដោយរលូនល្អក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈល្អ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង ហើយការអនុវត្តបានត្រឹមត្រូវទាំងក្នុងក្របខ័ណ្ឌច្បាប់ និងក្របខ័ណ្ឌបច្ចេកទេស។

សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ លោក ប្រាជ្ញ ចន្ទ បានឱ្យដឹងថា គ.ជ.ប ត្រូវអនុវត្តកិច្ចការរបស់ខ្លួនក្នុងដំណាក់កាលសំខាន់ៗទាំងបួននៃដំណើរការរៀបចំការបោះឆ្នោត នោះគឺ៖

* ដំណាក់កាលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត ឆ្នាំ២០២៣។

* ដំណាក់កាលនៃការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត។

* ដំណាក់កាលនៃការឃោសនាបោះឆ្នោត។

* ដំណាក់កាលនៃការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត។

លោកប្រធាន គ.ជ.ប បានបន្តទៀតថា ក្នុងឆមាសទី២ នៅឆ្នាំ២០២២នេះ គ.ជ.ប បានធ្វើកិច្ចការមួយចំនួនរួចរាល់ហើយ ដូចជា៖

* ការត្រៀមរៀបចំការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ដែលដំណើរការអនុវត្តកិច្ចការនេះនឹងចាប់ផ្ដើមពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលជាកាលបរិច្ឆេទនៃការផ្ដល់សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវការ

* ការរៀបចំផែនការមេ និងប្រតិទិនការងារ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

* ការរៀបចំសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នឹងត្រូវដាក់ជូនភាគីពាក់ព័ន្ធពិនិត្យ និងផ្ដល់យោបល់នាពេលខាងមុខ ដែលកិច្ចការនេះ គ.ជ.ប តែងតែធ្វើជាទៀងទាត់។

* ការរៀបចំការធ្វើទំនើបកម្មនៃដំណើរការរៀបចំការបោះឆ្នោត ដោយប្រើបច្ចេកវិទ្យាព័ត៌មានគាំទ្រដល់ការអនុវត្តដោយដៃ ដែលរួមមាន កម្មវិធីចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រ, កម្មវិធីគ្រប់គ្រងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត, កម្មវិធីផ្ដល់ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត, កម្មវិធីគ្រប់គ្រងលទ្ធផលនៃការបោះឆ្នោត, និងកម្មវិធីគ្រប់គ្រងបណ្ដឹង និងការងារសន្តិសុខបោះឆ្នោត៕