(ភ្នំពេញ)៖ លោក អ៊ុន ជីម ប្រធានគណបក្សបក្សឯកភាពជាតិខ្មែរ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានប្រកាសមិនគាំទ្រចំពោះគំនិតទុច្ចរិតរបស់ ទណ្ឌិត សម រង្ស៉ី ដែលញុះញង់កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់នោះឡើយ។

ការប្រកាសរបស់ប្រធានគណបក្សនយោបាយមួយនេះ បានធ្វើឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៉ី នៅក្នុងវីដេអូមួយ​ បានថ្លែងសារថា នឹងវិលមកកម្ពុជាវិញនៅឆ្នាំ២០២៣ ក្នុងគោលបំណងមកផ្តួលរលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដែលកើតឡើងពីការបោះឆ្នោត ហើយលោកឆ្លៀតអុចអាលប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ គាំទ្រការផ្តួលរំលំនេះថែមទៀត។

ថ្លែងប្រាប់បណ្តាញ Fresh News លោក អ៊ុន ជីម បានបញ្ជាក់យ៉ាងដូច្នេះថា «រឿងលោក សម រង្ស៉ី ប្រកាសចូលមកកម្ពុជា ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល ដោយញុះញង់ឲ្យកងកម្លាំងក្រោកឡើងប្រឆាំងនោះ យើងខ្ញុំមិនគាំទ្រនោះទេ។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់យ៉ាងក្បោះក្បាយ ចំពោះការបើកសិទ្ធិ ការផ្តល់យោបល់ក្នុងការធ្វើនយោបាយ តែបើរឿងធ្វើបដិវត្តន៍ រឿងផ្សេង»

ស្របពេលជាមួយនឹងការប្រកាសហៅទណ្ឌិត សម រង្ស៉ី ជាពូជក្បត់ជាតិ៣ជំនាន់ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​​ បានប្រកាសទៀតថា នឹងប្តូរផ្តាច់កម្ចាត់អ្នកដែលអនុវត្តន៍ផែនការរបស់ពូជក្បត់ជាតិ ៣ជំនាន់ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកពាក់ព័ន្ធទណ្ឌិត សម រង្ស៉ី ងើបមួយវ៉ៃមួយ។ សម្តេចតេជោ បានហាមគណបក្សនយោបាយដទៃ ពាក់ព័ន្ធនឹងផែនការរបស់ទណ្ឌិត សម រង្ស៉ី។

លោក អ៊ុន ជីម បានឲ្យដឹងបន្តថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសបើកច្រក គ្រប់គណបក្សនយោបាយ ដែលធ្វើនយោបាយតាមបែបប្រជាធិបតេយ្យ និងគោរពច្បាប់ ប៉ុន្តែការធ្វើនយោបាយ ដោយញុះញង់ ចង់ផ្តួលរំលំរាជរដ្ឋាភិបាល គឺផ្ទុយនឹងច្បាប់។ ក្នុងនាមជាប្រធានគណបក្សនយោបាយ លោកក៏មិនចូលរួម ជាមួយផែនការរបស់ទណ្ឌិត សម រង្ស៉ី ដែលជាវិធីសាស្ត្រ ក្រៅច្បាប់នោះដែរ។

លោកបន្តថា «ខ្ញុំគិតថា គណបក្សនយោបាយមិនចូលរួមជាមួយទណ្ឌិត ដែលប្រកាសយកកម្លាំងប្រដាប់អាវុធ ទៅផ្តួលរំលំរាជរដ្ឋាភិបាលទេ ដោយសារគេដឹង ពីច្បាប់ធ្វើនយោបាយ»

សម្តេចតេជោ បន្តថា ក្នុងប្រវត្តិសាស្ត្រខ្មែរប្រមាណជា ៥០០ឆ្នាំនេះ មិនមាននរណាខូចជាងជនពូជក្បត់ជាតិ៣ជំនាន់នោះទេ។ ចំពោះគោលនយោបាយ «មានសែនអត់ស៉ី មានស៉ីអត់សែន» ដែលទណ្ឌិត សម រង្ស៉ី បានដាក់ចេញកាលពីឆ្នាំ២០០៣​ សម្តេចនឹងអនុវត្តគោលនយោបាយនេះដូចគ្នា។

សម្តេចតេជោ ហ៊ុន សែន បានអះអាងថា​ សម្តេចធ្លាប់ដាក់ជាគោលដៅ កម្ចាស់អង្គការចាត់តាំងនយោបាយ និងយោធា នៃរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម ហើយសម្តេចអាចធ្វើបាន។ ឥឡូវនេះ សម្តេចដាក់ចេញនូវគោលនយោបាយ កម្ចាត់ចោលមនោគមន៍វិជ្ជាជ្រុលនិយម របស់ជនក្បត់ ៣ជំនាន់នេះវិញ។ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកខ្មែរនៅក្នុងស្រុកថា កុំជាប់ពាក់ព័ន្ធជាមួយពូជក្បត់ជាតិ ៣ជំនាន់។

សូមជម្រាបថា នេះមិនមែនជាលើកទី១នោះទេ ដែលទណ្ឌិត សម រង្ស៉ី ប្រកាសចូលមកកម្ពុជា ប៉ុន្តែមិនដែលធ្វើនោះឡើយ ពោលគឺបានត្រឹមតែបោកប្រាស់ទឹកចិត្តប្រជាជន ដែលចាញ់បោកខ្លួន តាមរយៈការផ្តល់ថវិកា៕