(ភ្នំពេញ)៖ គណបក្សកម្លាំងប្រជាធិបតេយ្យ បានប្រកាសប្រឆាំងដាច់ខាត និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសម្តីអសីលធម៌ និងក្បត់ជាតិរបស់ ទណ្ឌិត សម រង្ស៉ី ដែលអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋប្រឆាំងជាមួយរាជរដ្ឋាភិបាលស្របច្បាប់។

គណបក្សនេះ បានចាត់ទុកថា ទណ្ឌិត សម រង្ស៉ី ជាអ្នកនយោបាយប្រជាភិថុតិ ដែលមានតែស្រមោល ហើយក៏ជាជនក្បត់ជាតិ៣ជំនាន់ តពីជីត ឪពុក រហូតដល់កូន (ទណ្ឌិត សម រង្ស៉ី)។

«គណបក្សកម្លាំងប្រជាធិបតេយ្យ មិនចង់ឃើញប្រទេសកើតសង្គ្រាមដូចកាលពីថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥។ តើពុកម៉ែ បងប្អូន កូនក្មួយចង់ឃើញប្រទេសកើតសង្គ្រាមឬទេ? ពិតជាមិនចង់ឃើញទេ ដូច្នេះគណបក្សកម្លាំងប្រជាធិបតេយ្យ សូមអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ និងបងប្អូនប្រជាពលរដ្ឋ សូមកុំជឿតាមការញុះញង់របស់ពួកក្បត់ជាតិ និងកុំជឿមនោគមន៍វិជ្ជានិយមរបស់ ទណ្ឌិត សម រង្ស៉ី។ ពុកម៉ែ បងប្អូន កូនក្មួយត្រូវគិតត្រឡប់ថយក្រោយវិញ តើពុកម៉ែ បងប្អូន កូនក្មួយ ត្រូវបានអ្នកនយោបាយក្បត់ជាតិបោកប្រាស់យកធ្វើជាឈ្នាន់នយោបាយ ជាពិសេសបងប្អូនមិនត្រូវបណ្តោយឱ្យខ្លួន ចូលក្នុងអន្ទាក់នយោបាយរបស់ជនក្បត់ជាតិ សម រង្ស៉ី តទៅទៀតនោះទេ»។ នេះបើតាមសេចក្តីថ្លែងការណ៍។

គណបក្សកម្លាំងប្រជាធិបតេយ្យ ក៏បានប្រកាសបើកទ្វារចំហរជានិច្ច ដើម្បីទទួល សមាជិកនានា ចូលមករួមរស់ជាមួយគណបក្សកម្លាំងប្រជាធិបតេយ្យ ដើម្បីការពារថែរក្សាសន្តិភាព និងកសាងសង្គមជាតិមាតុភូមិនៃយើង ឱ្យបានរុងរឿងជានិរន្តរ៍៕