(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានពន្យល់ណែនាំដល់អភិបាលរងស្រុកព្រៃនប់ ដែលទើបទទួលតំណែងថ្មី ត្រូវមានភាពទន់ភ្លន់ ម៉ឺងម៉ាត់ជាមួយមន្ត្រីក្រោមឱវាទ មានវប្បធម៌រួមគ្នាធ្វើការ ប្រកបដោយសាមគ្គីភាពផ្ទៃក្នុង និងអភិវឌ្ឍន៍ខាងក្រៅ ត្រូវតែបំពេញការងាររបស់ខ្លួនឱ្យសាកសម្យនឹងឋានៈជាមន្ត្រីបម្រើរាស្ត្រ។

ការណែនាំបែបនេះ របស់លោក គួច ចំរើន បានធ្វើឡើងក្នុងឱកាសលោក រួមជាមួយលោក វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ អញ្ជើញជាអធិបតីភាពប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកព្រៃនប់ គឺលោក ព្រំ ប៊ុន្នី។ ពិធីនេះមានការចូលរួមដោយអភិបាលស្រុក សមាជិកក្រុមប្រឹក្សាស្រុក កងកម្លាំង មន្ត្រីរាជការ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ។

ជាមួយគ្នានេះដែរ លោក គួច ចំរើន បានថ្លែងថា សុខទុក្ខប្រជាពលរដ្ឋ ជាសុខទុក្ខរបស់ថ្នាក់ដឹកនាំ ដូច្នេះ ក្នុងនាមជាថ្នាក់ដឹកនាំ ត្រូវដាក់ចិត្តមប្រើពលរដ្ឋរបស់ខ្លួនឱ្យបានល្អប្រសើរ រាល់ពេលពួកគាត់ជួបបញ្ហាណាមួយនៅក្នុងមូលដ្ឋានរបស់ខ្លួនមានន័យថា (ប្រជាពលរដ្ឋស្រលាញ់ថ្នាក់ដឹកនាំ លុះត្រាណាតែថ្នាក់ដឹកនាំបានមប្រើប្រជាពលរដ្ឋ)។ ម្យ៉ាងវិញទៀតត្រូវប្រកាន់ភ្ចាប់នូវអភិក្រមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» និងបាវចនាពីរគឺ «កែទម្រង់ខាងក្នុង និងបង្កើតមិត្តខាងក្រៅ» ដោយស្មារីតីឯករាជ្រ។

អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះអភិបាលស្រុក និងអភិបាលរង លោក ព្រំ ប៊ុន្នី ដែលទើបនឹងចូលមកកាន់តំណែងថ្មីនៅថ្ងៃនេះដែលត្រូវបានរាជរដ្ឋាភិបាលប្រកាសតែងតាំងជាអភិបាលរងស្រុកព្រៃនប់ ដោយបានបន្យល់ទុក ជាស្នាដៃជាច្រើនក្នុងការចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍក្នុងមូលដ្ឋានកន្លងមក។

ក្នុងឱកាសនេះរូបលោក ព្រំ ប៊ុន្នី បានប្រកាសប្តេជ្ញាគោរពអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ ច្បាប់ គោលនយោបាយ និងលិខិតបទដ្ឋានគិតយុត្តនានា ព្រមទាំងគោលការណ៍ចាត់តាំង និងដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលក្រសួងមហាផ្ទៃ ក្រសួងនានា និងរដ្ឋបាលខេត្តព្រះសីហនុ, សាមគ្គីផ្ទៃក្នុង ដោយសហការជាមួយក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងមន្ត្រីរាជការក្រោមឱវាទឱ្យបានល្អ និងប្រកបដោយតម្លាភាព។

លោកអភិបាលរងស្រុកថ្មីរូបនេះ ក៏បានបញ្ជាក់ពីការខិតខំប្រឹងប្រែងបម្រើដោយស្មោះ និងអស់ពីកម្លាំងកាយចិត្ត ក្នុងការបំពេញការងារជូនអង្គភាពឱ្យទទួលបានលទ្ធផលជាផ្លែផ្កា, ទំនាក់ទំនង និងសហការជាមួយមន្ទីរ-អង្គភាពនានា ជុំវិញខេត្តឱ្យបានល្អ, ខិតខំប្រឹងប្រែងដោយយកចិត្តទុកដាក់ក្នុងការបម្រើប្រជាពលរដ្ឋឱ្យអស់ពីកម្លាំងកាយ-ចិត្ត និងកម្លាំងប្រាជ្ញា-ស្មារតី ជាពិសេសចូលរួមជំរុញ និងលើកស្ទួយដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីលើកកម្ពស់ជីវភាពរស់នៅឱ្យមានភាពល្អប្រសើរ, រង់ចាំទទួល និងអនុវត្តតាមគោលការណ៍ណែនាំរបស់ថ្នាក់ដឹកនាំ៕