(កំពង់ឆ្នាំង)៖ លោកស្រី ម៉ាន ចិន្ដា រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបរិបូរណ៌ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ អមដំណើដោយឧកញ៉ា ម៉ែន ចិន្ដា និងលោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ចំនួន២០០គ្រួសារ នៅភូមិយុគន្ធ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ថ្លែងក្នុងឱកាសនោះ លោកស្រី ម៉ាន ចិន្ដា ក៏បាននាំនូវមតិផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋទាំងអស់គ្នាដោយក្ដី នឹករលឹកជាទីបំផុត។ លោកស្រី បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ឲ្យជំរុញដល់កូនក្មួយបន្តការសិក្សាឲ្យបានខ្ពស់ ព្រោះមានតែចំណេះវិជ្ជាទេ ដែលអាចផ្លាស់ប្ដូរវាសនាមនុស្សទៅរកភាពជោគជ័យបាន ហើយលោកស្រីសង្កត់ធ្ងន់ថា «បើយើងមានចំណេះ និងជំនាញច្បាស់លាស់ យើងនឹងមិនក្រនោះនាពេលអនាគត»។

បន្ថែមពីនោះ លោកស្រី ម៉ាន ចិន្ដា បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ឲ្យប្រកាន់ភ្ជាប់នឹងអនាម័យខ្ពស់ ក្នុងការរស់នៅប្រចាំថ្ងៃ និងសូមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ជាពិសេសទៀតនោះ សូមប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះគ្រោះធម្មជាតិក្នុងរដូវភ្លៀងនេះ ដែលអាចមានភ្លៀង ផ្គរន្ទះ ខ្យល់កន្ត្រាក់។ ជាមួយគ្នានឹងទឹកលិចលំនៅឋាន និងសូមប្រុងប្រយ័ត្នចំពោះកូនតូចៗ និងចាស់ជរា កុំឲ្យលង់ទឹកព្រោះតែការធ្វេសប្រហែសរបស់យើង ហើយសូមប្រុងប្រយ័ត្នចំពោះសត្វអាសិរពិសផងដែរ។

ក្នុងឱកាសនោះផងដែរ ឧកញ៉ា ម៉ែន ចិន្តា បានសម្ដែងនូវសេចក្តីអាណិតស្រឡាញ់ដល់ប្រជាពលរដ្ឋទាំងអស់ ក្នុងនាមជាជនរួមជាតិតែមួយ។ ឧកញ៉ា ម៉ែន ចិន្ដា ក៏បានលើកឡើងផងដែរថា អំណោយនេះជាទឹកចិត្តរបស់គាត់ ផ្ទាល់ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដោយមិនប្រកាន់ជាតិសាសន៍នោះទេ ពោលដើម្បីចូលរួមជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយជីវភាពប្រជាពលរដ្ឋ និងលើកកម្ពស់សុខដុមនីយកម្មនៅកម្ពុជា។

គួរជម្រាបថា អំណោយនេះ ទទួលបានពីការឧបត្ថមរបស់ឧកញ៉ា ម៉ែន ចិន្ដា ដែលក្នុងមួយគ្រួសារទទួលបាន មី១កេស, ទឹកត្រី១យួរ, ត្រីខ១យួរ, អង្ករ២០គឺឡូក្រាម និងថវិកា ២មុឺនរៀល។ ជាមួយគ្នានោះ ឧកញ៉ាក៏បានឧបត្ថមដល់កងកម្លាំង យុវជន សសយក សយមក និងក្មេងៗតូចៗ ដែលសរុបជាថវិកាអស់៣០លានរៀល៕