(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា វិស័យឯកជន រួមទាំងវិស័យធនាគារនៅកម្ពុជា បានយល់កាន់តែច្បាស់អំពីហានិភ័យ និងកាលានុវត្តភាពពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ និងតួនាទីរបស់ខ្លួននៅក្នុងការរួមចំណែកដោះស្រាយបញ្ហានេះ។

ការថ្លែងបែបនេះ របស់លោក សាយ សំអាល់ បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីបើក «កិច្ចប្រជុំកំពូលលើកទី២ស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២២» នៅទីក្រុងសៀមរាប នាវេលាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។

លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបន្តថា កិច្ចប្រជុំថ្ងៃនេះនឹងផ្តល់នូវធាតុចូលដ៏សំខាន់ ដើម្បីផ្សព្វផ្សាយព័ត៌មានអំពីស្ថានភាព និងហានិភ័យ បណ្តាលមកពីការប្រែប្រួលអាកាសធាតុនៅលើពិភពលោក ដែលក្នុងនោះកម្ពុជាក៏បាននឹងកំពុងទទួលរងនូវឥទ្ធិពលអវិជ្ជមានមកលើ សង្គម សេដ្ឋកិច្ច ជីវភាពរស់នៅ និងសុខមាលភាពប្រជាជន បើទោះបីកម្ពុជាមិនមែនជាប្រទេសដែលបង្កឱ្យមានការប្រែប្រួលអាកាសធាតុក៏ដោយ។

ជាមួយគ្នានេះផងដែរ លោក សាយ សំអាល់ បានបញ្ជាក់ថា នេះគឺជាវេទិកាដ៏សំខាន់សម្រាប់ការពិភាក្សាអំពីបញ្ហាប្រឈម និងកាលានុវត្តភាព សម្រាប់វិស័យឯកជន និងជាមូលដ្ឋានសម្រាប់ការពិចារណាសម្រេចចិត្តសម្រាប់វិស័យធនាគារ និងវិនិយោគិន ក្នុងការផ្តល់ហិរញ្ញប្បទាន និងការវិនិយោគលើបណ្តាគម្រោងដែលមិនប៉ះពាល់បរិស្ថាន ធន់នឹងការប្រែប្រួលអាកាសធាតុ រួមចំណែកកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងទទួលបានបច្ចេកវិទ្យាបៃតងថ្មីទំនើប។

លោកបានឱ្យដឹងថា កម្ពុជាជាប្រទេសតូច និងបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចតួច ដែលរួមចំណែកតិចតួចបំផុតក្នុងការបង្កឱ្យមានការខូចខាតបរិស្ថានពិភពលោក ជាពិសេសបញ្ហាប្រែប្រួលអាកាសធាតុ។ តែយើងមានឆន្ទៈនយោបាយខ្ពស់ និងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការរួមចំណែកជាមួយសហគមន៍អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ពហុភាគីនិយម នៅក្នុងការចរចាអន្តរជាតិ ហើយយើងអាចសម្រេចកិច្ចការនេះបាន ដោយសារតែកម្ពុជាមានសុខសន្តិភាព និងស្ថេរភាពនយោបាយពេញលេញ។

លោកថា ជាក់ស្តែង កម្ពុជាជាប្រទេសទី១ នៅក្នុងចំណោមប្រទេសអាស៊ានទាំង១០ និងជាប្រទេសទី២ ក្នុងចំណោមប្រទេលអភិវឌ្ឍន៍តិចតួចទាំង៤៦ ដែលបានអនុម័តយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន ដែលកំណត់គោលដៅត្រឹមឆ្នាំ២០៥០ ហើយបានបេ្តជ្ញាចិត្ត និងគាំទ្រ «ចក្ខុវិស័យអាស៊ានឆ្នាំ២០២៥» ដែលផ្តោតទៅលើ តុល្យភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច និងនិរន្តរភាពបរិស្ថាន។

ម្យ៉ាងទៀត ក្នុងនាមជាប្រធានប្តូរវេនអាស៊ាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសគំនិតផ្តួចផ្តើមស្តីពី «កិច្ចព្រមព្រៀងអាស៊ានបៃតង» ក្នុងគោលបំណងផ្តល់នូវក្របខ័ណ្ឌយុទ្ធសាស្ត្ររួមសម្រាប់គាំទ្រការអភិវឌ្ឍដែលធន់នឹងការប្រែប្រួលអាកាសធាតុ បញ្ចេញកាបូនតិច បៃតង និងប្រកបដោយចីរភាព នៅក្នុងតំបន់៕