(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការស្នើសុំឲ្យអ្នកវិនិយោគជនជាតិកូរ៉េ មកវិនិយោគទុនលើវិស័យវាយនភ័ណ្ឌនៅកម្ពុជា ពិសេសនៅរាជធានីភ្នំពេញឲ្យបានច្រើន ដើម្បីប្រជាពលរដ្ឋកម្ពុជាមានការងារធ្វើកាន់តែច្រើន មានជីវភាពកាន់តែធូរធាឡើង។

ការស្នើបែបនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ ខណៈដែលលោក ឃួង ស្រេង បានជួបសម្តែងការគួរសមជាមួយលោក ជូ ណាក់យ៊ាំង (Joo Nak-young) អភិបាលក្រុងឃ្យុងជូ នៃសាធារណរដ្ឋកូរ៉េ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានឲ្យដឹងថា ប្រទេសកម្ពុជាមានសន្តិភាពពេញបូរិបូណ៍ ហើយប្រជាពលរដ្ឋកម្ពុជា ក៏ជាអ្នកមានស្នាដៃច្រើន ក្នុងការងារលើវិស័យវាយនភ័ណ្ឌ បើប្រៀបធៀបកាលពីឆ្នាំ១៩៩០ ។ ដូច្នេះលោកស្នើសុំ តាមរយៈលោកអភិបាលក្រុងឃ្យុងជូ នៃសាធារណរដ្ឋកូរ៉េ សូមជួយចលនាអ្នកវិនិយោគជនជាតិកូរ៉េ មកវិនិយោគទុនលើវិស័យវាយនភ័ណ្ឌនៅកម្ពុជា ពិសេសនៅរាជធានីភ្នំពេញឲ្យបានច្រើន។

ជាមួយគ្នានេះ លោកបន្តថា ចំពោះការវិនិយោគលើវិស័យវាយនភ័ណ្ឌ រាជរដ្ឋាភិបាលកម្ពុជាក៏បានអនុគ្រោះព័ន្ធផងដែរ។ នេះពិតជាបានបង្កលក្ខណៈងាយស្រួលអោយអ្នកវិនិយោគទុនបរទេសមកវិនិយោគនៅស្រុកខ្មែរកាន់តែច្រើន។

លោក Joo Nak-young ក៏ឱកាសនោះបានសម្តែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការស្នើឡើងរបស់លោក ឃួង ស្រេង ដោយលោកបញ្ជាក់ថា លោកនឹងធ្វើការអំពាវនាវ ក៏ដូចជាការកៀរគរ អ្នកវិនិយោគជនជាតិកូរ៉េពីទីក្រុងឃ្យុងជូ នៃសាធារណរដ្ឋកូរ៉េ ក៏ដូចជានៅទីក្រុងផ្សេងទៀត ឲ្យមកវិនិយោគទុនលើវិស័យវាយនភ័ណ្ឌ នៅរាជធានីភ្នំពេញឲ្យបានកាន់តែច្រើន ធ្វើយ៉ាងណាឲ្យទីក្រុងទាំង២ ប្រទេសទាំង២ កម្ពុជា-កូរ៉េ កាន់តែមានទំនាក់ទំនង កិច្ចសហប្រតិបត្តការគ្នាកាន់តែល្អប្រសើរមួយកម្រិតថែមទៀត៕