(រតនគិរី)៖ ថ្លែងក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានរំលឹកដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវការពារឲ្យបាននូវសុខសន្ដិភាព ស្ថិរភាព និងសេចក្ដីសុខសាន្ដរបស់ប្រជាពលរដ្ឋ។

ក្នុងពិធីនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ក៏បានអះអាងថា កងកម្លាំងនគរបាលជាតិ ត្រូវប្រឆាំងដាចខាតរាល់សកម្មភាពទាំងឡាយណា របស់ក្រុមជ្រុលនិយមដែលប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានថ្លែងយ៉ាងដូច្នេះថា «ចំពោះក្រុមជ្រុលនិយមដែលប៉ុនប៉ងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ត្រូវតែការពារឲ្យបានដាច់ខាត ដើម្បីសន្តិភាព និងស្ថិរភាពជា ពិសេសសេចក្តីសុខរបស់ប្រជាជនកម្ពុជា»

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ក៏បានអរគុណដល់កម្លាំងនគរបាលទាំងអស់ ដែលបានចេញមកថ្កោលទោសដាច់អហង្ការ និងប្រឆាំងដាច់ខាតចំពោះ សេចក្តីថ្លែងការណ៍របស់ទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ៣ជំនាន់ តាមរយៈវីដេអូឃ្លីបនាពេលថ្មីៗនេះ ដែលបានញុះញង់ឲ្យកងកម្លាំងប្រដាប់អាវុធធ្វើការបះបោរ និងបានប្រមាថដោយអសីលធម៌ចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលជាស្ថាបនិកសន្តិភាព និងជាទីគោរពស្រលាញ់របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។

ក្នុងនោះ នាយឧត្តមសេនីយ៍ នេត សាវឿន បានណែនាំដល់ស្នងការថ្មី ដែលទើបប្រកាសចូលកាន់តំណែង ត្រូវពង្រឹងតួនាទីក្នុងការដឹកនាំ ដោយចាត់ទុកកូនចៅជាបងជាប្អូន មានមនោសញ្ចេតនា ក្នុងការជួយគ្នាទៅវិញទៅមក ជាពិសេសត្រូវទទួលខុសត្រូវមុនគេ និងទទួលយកទាំងគុណសម្បត្តិ និងគុណវិបត្តិ ដើម្បីភាពជោគជ័យនៅក្នុងអង្គភាពទាំងមូល។ ពិសេសត្រូវធ្វើជាសេនាធិការគ្រប់ជ្រុងជ្រោយដល់ គណៈបញ្ជាការឯកភាពខេត្ត ការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ដោយសហការជាមួយអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។

លើសពីនេះ ត្រូវពង្រឹងរបៀបរបបធ្វើការដល់អធិការដ្ឋាននគរបាលក្រុង ស្រុក ដើម្បីជួយដល់នគរបាលប៉ុស្តិ៍រដ្ឋបាល និងជំរុញឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាល ខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ និងមានទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ ជាពិសេសកែសម្រួលឥរិយាបថ អាកប្បកិរិយា និងពាក្យសំដី ធ្វើយ៉ាងណាឲ្យប្រជាលរដ្ឋទុកចិត្ត និងជឿជាក់មកលើនគរបាលប៉ុស្តិ៍។ ក្នុងនោះក្នុងនាមមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល ត្រូវពិនិត្យរបៀបរបបអនាម័យបរិស្ថានស្អាត នៅក្នុងទីតាំងកន្លែងធ្វើការផងដែរ។

នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានណែនាំឲ្យពង្រឹងគុណភាពមន្ត្រីនគរបាលទាំងសមត្ថភាព ដោយធ្វើការបើកវគ្គបណ្តុះបណ្តាលនៅក្នុងអង្គភាពដោយផ្ទាល់។ គ្រប់គ្រងវត្តមានកម្លាំង និងអារម្មណ៍ ពិសេសពង្រឹងវិន័យ សេចក្តីថ្លៃថ្នូរ និងសីលធម៌ក្នុងជួរកងកម្លាំង។ ត្រូវបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ចំពោះកម្លាំងនគរបាលចរាចរណ៍លើដងផ្លូវត្រូវជួយសម្រួល ក៏ដូចជាជូនក្មេង និងចាស់ជរាឆ្លងផ្លូវជាដើម ដែលនេះជាកាយវិការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ។

នាយឧត្តមសេនីយ៍ អគ្គស្នងការ បានបន្ថែមទៀតថា ការិយាល័យបុគ្គលិក និងការិយាល័យផ្សព្វផ្សាយអប់រំ ត្រូវបង្កើតក្រុមថ្មីមួយដែលមានសមាសភាពពាក់ព័ន្ធដើម្បីតាមដាន និងពិនិត្យមើលតាមបណ្តាញសង្គម ដើម្បីទទួលយកភាពអសកម្មផ្សេងៗ ព្រមទាំងការរិះគន់ដែលកេីតមាននៅក្នុងមូលដ្ឋានខេត្តរតនគិរី ដើម្បីធ្វើការស្រាវជ្រាវ ដោះស្រាយ និងបំភ្លឺឆ្លេីយតប។

សូមជម្រាបថា លោកឧត្តមសេនីយ៍ត្រី អ៊ុង សុភាព ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ត្រូវបានតែងតាំងជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ជំនួសលោកឧត្តមសេនីយ៍ទោ យិន ចំណាន ដែលត្រូវបានដាក់ឲ្យចូលនិវត្តន៍៕