(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ បានប្រកាសអំពីជំហរយ៉ាងដាច់ណាត់របស់កងទ័ព ក្នុងការការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា គ្រប់កាលៈទេសៈទាំងអស់។

តាមរយៈសន្និសីទសារព័ត៌មានរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាយឧត្តមសេនីយ៍ ឈុំ សុជាត បានអះអាងថា ក្រៅពីការប្រកាសជំហរការពាររាជរដ្ឋាភិបាលស្របច្បាប់ កងទ័ពត្រៀមខ្លួនជានិច្ច និងងប្រឆាំងដាច់ខាតចំពោះទង្វើក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៉ី ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាល។

នាយឧត្តមសេនីយ៍ ឈុំ សុជាត បានថ្លែងយ៉ាងដូច្នេះថា «ក្នុងនាមកងយោធពលខេមរភូមិន្ទ និងក្រសួងការពារជាតិ សូមប្រឆាំងដាច់ខាតចំពោះការលើកឡើងដែលចាត់ទុកជាអំពើក្បត់ជាតិ ដែលកងទ័ពទាំងអស់ប្រឆាំងដាច់ខាត ហើយយើងគាំទ្រដាច់ខាតជានិច្ចចំពោះ រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន គ្រប់កាលៈទេសៈ»

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ឈុំ សុជាត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងកងទ័ពទាំងអស់ មិនឲ្យចូលរួមតាមការញុះញង់របស់ទណ្ឌិត សម រង្ស៉ី ព្រោះទង្វើរបស់ទណ្ឌិតរូបនេះ ត្រូវបានចាត់ទុកថា ជាអំពើខុសច្បាប់ធ្ងន់ធ្ងរបំផុត។

សូមបញ្ជាក់ថា ទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ៣ជំនាន់ បានចេញសេចក្ដីថ្លែងការណ៍ និងគម្រោងថ្មី តាមរយៈឃ្លីបវីដេអូ ថ្មីៗនេះ ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលឆ្នាំ២០២៣ និងបានញុះញង់កងកម្លាំងប្រដាប់អាវុធ ឲ្យធ្វើការបះបោរ ព្រមទាំងបានប្រមាថដោយអសីលធម៌ចំពោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលជាស្ថាបនិកសន្តិភាព និងជាទីគោរពស្រលាញ់របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។

ក្រោយការអំពាវនាវរបស់ទណ្ឌិតរូបនេះ ក៏មានញត្តិថ្កោលទោស បានធ្លាក់មកជាបន្ដបន្ទាប់ពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ ក្នុងនោះរួមមានទាំង បណ្ដាអង្គភាពកងទ័ព កម្លាំងនគរបាលជាតិ កម្លាំងកងរាជអាវុធហត្ថ និងបណ្ដាក្រសួង ស្ថាប័ននានា ដោយសុទ្ធសឹងប្រកាសអំពីជំហរប្រឆាំងយ៉ាងដាច់ខាតចំពោះការញុះញង់របស់ទណ្ឌិត សម រង្ស៉ី។

សម្រាប់ស្ថាប័នកងកម្លាំងប្រដាប់អាវុធ គឺបានបញ្ជាក់ដូចៗគ្នាថា ត្រៀមខ្លួនរួចជាស្រេចដើម្បីកម្ទេចចោលនូវ ទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ៣ជំនាន់ និងបក្សពួក ដែលចង់ធ្វើបដិវត្តពណ៍ បំផុសបំផុល បង្កចលាចលក្នុងសង្គម និងមានចេតនាបំផ្លាញសន្តិភាព ដែលរកបានមកដោយលំបាក។

បន្ថែមពីនេះ ក៏បានប្រកាសអំពីការប្តេជ្ញាដាច់ខាតការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ គាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី បន្តវេននាពេលអនាគត និងការពារឲ្យខាងតែបាននូវសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ៕