(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានណែនាំ និងអំពាវនាវដល់អាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធផ្សេងៗតាមមូលដ្ឋាន ត្រូវរួមគ្នាខិតខំដោះស្រាយបញ្ហាទំនាស់ដីធ្លី នៅក្នុងនៅមូលដ្ឋានរបស់ខ្លួនឱ្យអស់លទ្ធភាព នៅក្នុងយន្តការ និងក្រៅយន្តការ មុននឹងបញ្ជូនមករដ្ឋបាលខេត្តព្រះវិហារ។

ការថ្លែងបែបនេះរបស់លោក គីម រិទ្ធី ក្នុងឱកាសដែលលោកចូលរួម ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋចំនួន៨៣៥គ្រួសារ ស្មើនិង១០៣៩ក្បាលដី លើផ្ទៃដីចំនួន៨២៣ហិកតា នៅភូមិស្វាយ ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ មេបញ្ជាការកងកមកលាំងទាំង៣ អាជ្ញាធរស្រុកជាំក្សាន្ត និងអាជ្ញាធរ ភូមិ ឃុំ ជាច្រើនរូបទៀត។

លោក គីម រិទ្ធី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំយកចិត្តទុកដាក់របស់អាជ្ញាធរ ស្រុក ឃុំ ក្នុងការរៀបចំកិច្ចដំណើរការក្នុងការអនុវត្តកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីរបស់រាជរដ្ឋាភិបាល តាមស្រុក ក្រុង ក្នុងគោលដៅរបស់ខេត្តតាមជំហាននីមួយៗតាំងពី ការប្រកាសតំបន់វិនិច្ឆ័យ កំណត់ព្រំប្រទល់ភូមិ ការវាស់វែងក្បាលដីនីមួយៗ គូសក្បាលដីនិងបំពេញទម្រង់បែបបទប្រមូលទិន្នន័យម្ចាស់ក្បាលដី ការបញ្ចូលទិន្នន័យម្ចាស់ក្បាលដី និងបិទផ្សាយជាសាធារណៈទិន្នន័យម្ចាស់ក្បាលដីទាំងអស់នៅក្នុងតំបន់វិនិច្ឆ័យ ក្នុងរយៈពេល១៥ថ្ងៃ សម្រាប់ទុកពេលឱ្យម្ចាស់ដីនិងអ្នកពាក់ព័ន្ធ ធ្វើការផ្ទៀងផ្តាត់ សុំកែតម្រូវម្ចាស់ក្បាលដី រហូតបិទផ្សាយបញ្ចប់ជាសាធារណៈ រហូតប្រារព្វពិធីប្រគល់វិញ្ញាបនបត្រនៅពេលនេះ។

លោកអភិបាលខេត្តបានបញ្ជាក់ថា លទ្ធផលដែលសម្រេចបានថ្ងៃនេះ គឺអាស្រ័យដោយកម្លាំងសាមគ្គីទាំងអស់ របស់កម្មវិធីដែលបានបញ្ចេញអស់កម្លាំងកាយ កម្លាំងចិត្ត ប្រកបដោយស្មារតីលះបង់ខ្ពស់ដែលមានជំនឿជាក់ ទៅលើគោលនយោបាយរបស់រាជរដ្ឋាភិបាល លើការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ស្របតាមលទ្ធផលដ៏ធំធេងការចុះបញ្ជីដីធ្លីដូចបានលើកឡើងខាងលើ កន្លងមករដ្ឋបាលខេត្តព្រះវិហារ ក៏មានបញ្ហាប្រឈមមួយចំនួនដូចជា ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ទំនាស់ដីថ្លីរវាងប្រជាពលរដ្ឋ និងរដ្ឋការកាន់កាប់ទន្ទ្រានដីថ្មីៗបែបអនាធិបតេយ្យពីសំណាស់ជនខិលខូច និងជនឱកាសនិយមដោយទាមទារឱ្យ អាជ្ញាធរទទួលស្គាល់ ការចេញលិខិតបញ្ជាក់ការកាន់កាប់ និងការប្រើប្រាស់ដីធ្លីដែលមិនមែនជាដីភោគះ នៅតែបន្តនៅតាមបណ្តាលភូមិ ឃុំមួយចំនួន។

លោក គីម រិទ្ធី ក៏បានផ្តល់នូវអនុសាសន៍មួយចំនួនរួមមាន៖

*ករណីមានទំនាស់ដីធ្លីកើតឡើងក្នុងមូលដ្ឋាន អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាធ្វើសម្របសម្រួលឱ្យអស់លទ្ធភាពនៅក្នុងយន្តការ និងក្រៅយន្តការមុនបញ្ជូនមករដ្ឋបាលខេត្ត។
*រាល់ការកាន់កាប់ ដោយកាប់រានបែបអាណាធិបតេយ្យទាមទាដីធ្លីដែលមិនមានការកាន់កាប់ ប្រើប្រាស់ជាក់ស្តែង ដែលគ្រាន់តែសំអាងមូលហេតុផ្សេងៗ គឺពុំអាចដោះស្រាយបានទេ ចំពោះករណីនេះប្រជាពលរដ្ឋដែលខ្វះដីពិតប្រាកដ ត្រូវដាក់ពាក្យស្នើសុំទៅអាជ្ញាធរ តំបន់ដែលមានដីសម្រាប់ដោះស្រាយ តាមរយះអាជ្ញាធររបស់ខ្លួន ឱ្យបញ្ជាក់អត្តសញ្ញាណ ជាគ្រួសារក្រីក្រដែលខ្វះខាតដីធ្លី នឹងត្រូវការដីពិតប្រាកដ ដើម្បីឱ្យអាជ្ញាធរអាចដោះស្រាយបាននូវដី សម្បទានសង្គមកិច្ច ទៅតាមលទ្ធភាពនិងតាមទីតាំងដីធ្លីជាក់ស្តែងដែលមាន។

ដោយឡែក លោក សំ សារឿន ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះវិហារ បានថ្លែងថា សម្រាប់តំបន់វិនិច្ឆ័យក្នុងឃុំរំដោះស្រែមាន៤ភូមិ ក្នុងនោះភូមិស្វាយជាភូមិទី៤ ដែលក្រុមការងារ បានអនុវត្តតាមនិតិវិធីនៃដំណាក់កាលនីមួយៗ ចាប់ពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតមកដល់ថ្ងៃចែកនៅពេលនេះ។ លោកបន្តថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលត្រូវប្រគល់ជូនប្រជាពលរដ្ឋគឺមានរយះពេល១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២។

លោកប្រធានមន្ទីរ បានប្រាប់ប្រជាពលរដ្ឋពីសារៈសំខាន់របស់បណ្ណកាន់កាប់ដីធ្លី ដែលយើងអាចប្រើប្រាស់បានតាមតម្រូវការស្របតាមច្បាប់ និងណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុនៅពេលនេះ ត្រូវថែរក្សា ទុកដាក់ឱ្យបានល្អ ពោលគឺយកទៅអ៊ុតដូចអត្តសញ្ញាណបណ្ណឱ្យសោះ៕