(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំរដ្ឋបាលខណ្ឌបឹងកេងកង ជាពិសេសសង្កាត់បឹងកេងកងទី៣ ត្រូវសហការជាមួយមួយប៉ុស្តិ៍ ចុះពិនិត្យទីតាំងកម្សាន្តសប្បាយ បៀរហ្គាឌិន និងទីទាំងបញ្ចូលហ្គាស មួយកន្លែង ដែលបង្ករំខាន និងបង្កហានិភ័យដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ការណែនាំបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងតាមសំណូមពររបស់ប្រជាពលរដ្ឋ តាមរយៈវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលមានការចូលរួមពីលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ, អភិបាលរងរាជធានីភ្នំពេញ, សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ, អភិបាលខណ្ឌបឹងកេងកង និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។

ជាមួយគ្នានេះ អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ប្រសិនបើរកឃើញថា ទីតាំងខាងលើ ដែលប្រជាពលរដ្ឋសំណូមពរនេះ ពិតជាបានបង្កផលរំខានដល់ប្រជាពលរដ្ឋពិតមែន នោះនឹងត្រូវបិទទីកន្លែងនេះ ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខសាន្ត ក្រោមដំបូលសន្តិភាព។

វេទិកានេះបានធ្វើឡើងក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ តាមរយៈវេទិកាប្រជាពលរដ្ឋ ប្រជាពលរដ្ឋនៅសង្កាត់អូឡាំពិក បានស្នើឱ្យរៀបចំសណ្តាប់ធ្នាប់ នៅមុខសាលាបឋមសិក្សាអូឡាំពិក ដោយសារការចតគ្មានសណ្តាប់ធ្នាប់ សម្រួលកុំអោយស្ទះផ្លូវ១៦៣ ផ្លូវ១៧៣ និងធ្វើស្លាកសញ្ញាចរាចរ។ ការសូមធ្វើលូ នៅផ្លូវ២៧៦ នៅសង្កាត់អូឡាំពិក។ សូមដោះស្រាយបង្គោលភ្លើងធ្លាក់រញ៉េរញ៉ៃ បង្កហានិភ័យដល់ប្រជាពលរដ្ឋ សូមអាជ្ញាធរសូមបើកផ្លូវ៣៨៦ ជាដើម។

ប្រជាពលរដ្ឋ ស្នើសុំឱ្យដាក់គំនូសអង្កាញ់ កាត់បន្ថយល្បឿននៅផ្លូវលេខ៣៣៤ មុខសាលា នៅមុខមត្តេយ្យបឹងកេងកង និងស្នើឱ្យបើកទ្វាររបងវត្ត មហាមន្ត្រី ដើម្បីឱ្យសិស្សចេញចូលបានស្រួល។

ជាការឆ្លើយតបលោក ឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរខណ្ឌ សង្កាត់រួមគ្នាដោះស្រាយរៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អ ពិសេសនៅតាមសាលារៀន ដោយលោកបានណែនាំឱ្យអាជ្ញាធរខណ្ឌ ត្រូវយកចិត្តទុកដាក់ខ្ពស់នៅតាមសាលារៀន កុំធ្វេសប្រហែសបណ្តាលឱ្យមានហេតុការអាក្រក់កើតឡើង ចំពោះក្មួយៗសិស្សានុសិស្ស ដូចករណីលិចទូកនៅស្រុកលើកដែល ខេត្តកណ្តាល ជាគំរូស្រាប់ មិនត្រូវឱ្យមានសោធនាកម្មបែបនេះកើតឡើង ផ្តើមចេញពីការធ្វេសប្រហែស របស់អាជ្ញាធរនោះទេ។

លោក ឃួង ស្រេង បានបន្តថា៖ «យើងពិតជាបានឃើញពីសកម្មភាពល្អរបស់កម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរក្នុងការជួយសម្រួលចរាចរណ៍ចំពោះសិស្ស ជាមួយនឹងការជួយនាំក្មួយៗឆ្លងផ្លូវថែមទៀត។ លោកសូមយបន្តសកម្មភាពនេះឱ្យកាន់តែល្អថែមទៀត»។ អភិបាលរាជធានីភ្នំពេញ បានបន្ថែមថា បច្ចុប្បន្ន ប្រជាពលរដ្ឋរស់នៅបែបស៊ីវីល័យហើយ ដូច្នេះ សម្រាប់ការបម្រើប្រជាពលរដ្ឋត្រូវតែស៊ីវីល័យដូចគ្នាដែរ ពោលគឺត្រូវជំរុញអភិបាលកិច្ចឱ្យបានល្អ មិនអាចអន់ថយនោះទេ។

ទន្ទឹមនឹងនេះដែរ លោក ឃួង ស្រេង បានក្រើនរំឮកដល់អាជ្ញាធរ និងកងកម្លាំងរបស់ខណ្ឌ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ពិសេសកិច្ចការពារសន្តិសុខ សុវត្ថិភាព ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ នាពេលខាងមុខនេះ ដោយធានាថា កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅដោយរលូន និងជោគជ័យតាមការគ្រោងទុក ជាមួយគ្នានេះ អាជ្ញាធរខណ្ឌសង្កាត់ អធិការដ្ឋាន ប៉ុស្តិ៍នគរបាល ត្រូវធ្វើយ៉ាងណាឱ្យមូលដ្ឋានរបស់ខ្លួនត្រូវតែគ្មានល្បែងស៊ីសង ខុសច្បាប់ ទៅតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន។

ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានបញ្ជាក់ថា​ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ គឺផ្តោតសំខាន់ពាក់ព័ន្ធ និងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន៖ បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៍នៅមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរបានដឹងលឺ និងរកយន្តការដោះស្រាយជូន។

វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំបេញ ត្រូវបានធ្វើឡើងក្នុង១ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែក្នុងរយៈពេល២ឆ្នាំជាប់គ្នានេះ ត្រូវបានខកខានដោយការរាតត្បាតជំងឺកូវីដ១៩។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តដោះស្រាយទុក្ខកង្វល់ប្រជាពលរដ្ឋជានិច្ច៕