(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម តាមរយៈក្រុមហ៊ុនហ្គ្រីនត្រេដ បានបញ្ចេញអង្ករសរុបប្រមាណ ៤៤៩តោន បូករួមជាមួយគ្រឿងឧបរិភោគ បរិភោគជាច្រើនទៀត ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។

នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាបូកសរុបការវាយតម្លៃផលប៉ះពាល់ ការខូចខាតដំណាំស្រូវ និងដំណាំរួមផ្សំ ដោយសារទឹកជំនន់ និងដាក់ចេញវិធានការដោះស្រាយបន្ទាន់។

កិច្ចប្រជុំនេះ បានធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ និងមានការអញ្ជើញចូលរួមពី លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ, នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ, លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។

លោក ប៉ាន សូរស័ក្តិ បានថ្លែងក្នុងកិច្ចប្រជុំនោះថា ក្រសួងពាណិជ្ជកម្ម ដែលមានក្រុមហ៊ុនហ្គ្រីនត្រេដជាសេនាធិការ បានត្រៀមរួចជាស្រេចក្នុងការរៀបចំសន្និធិស្បៀងត្រៀមបម្រុងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ចូលរួមដោះស្រាយជាបន្ទាន់នូវរាល់បញ្ហា និងផលប៉ះពាល់នានា ដែលបង្កឡើងដោយសារទឹកជំនន់។

លោករដ្ឋមន្ត្រីបានលើកឡើងថា ស្ថានភាពសន្និធិស្បៀងត្រៀមបម្រុងជារូបវ័ន្តរបស់រាជរដ្ឋាភិបាល ដែលក្រុមហ៊ុនហ្គ្រីនត្រេដ នៃក្រសួងពាណិជ្ជកម្ម បានទទួលគ្រប់គ្រងផ្ទាល់លើស្តុកសន្និធិស្បៀងត្រៀមបម្រុងនេះ គឺបានអនុវត្តដោយយកចិត្តទុកដាក់ផ្អែកតាមអនុក្រឹត្យស្តីពីការបង្កើតប្រព័ន្ធស្បៀងបម្រុងកម្ពុជា ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២។

លោក ប៉ាន សូរស័ក្តិ បានឱ្យដឹងថា ក្នុងកំឡុងពេលមានគ្រោះមហន្តរាយ បង្កឡើងដោយសារទឹកជំនន់នៅតាមបណ្តាខេត្តមួយចំនួនកន្លងទៅ ដោយផ្អែកតាមលិខិតរបស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ក៏ដូចជា តាមការណែនាំផ្ទាល់ពីលោកបណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ក្រុមហ៊ុនហ្គ្រីនត្រេដ នៃក្រសួងពាណិជ្ជកម្ម បានចាត់ចែងបញ្ចេញស្តុកស្បៀង រួមមាន៖ អង្ករ មី ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ និងត្រីខកំប៉ុង ជូនខេត្តគោលដៅ ដើម្បីចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ បានទាន់ពេលវេលា ទៅកាន់ខេត្តកំពង់ធំ បន្ទាយមានជ័យ បាត់ដំបង ព្រះវិហារ ឧត្តរមានជ័យ និងសៀមរាប។

គិតត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២កន្លងទៅនេះ ក្រុមហ៊ុនហ្គ្រីនត្រេដ នៃក្រសួងពាណិជ្ជកម្ម បានបញ្ចេញស្បៀងជូនប្រជាពលរដ្ឋចំនួន ១៧,៩៨៦គ្រួសារ ស្មើនឹង ១៧,៩៨៦កញ្ចប់ ដែលក្នុងមួយកញ្ចប់ មានអង្ករចំនួន ២៥ គ.ក្រ, មី ០១ កេស (២៤កញ្ចប់), ទឹកត្រី ០១យួរ (០៦ដប), ទឹកស៊ីអ៉ីវ ០១យួរ (០៦ ដប), ទឹកសុទ្ធ ១កេស (១២ដប ១ដប ចំណុះ ១,៥ លីត្រ) និងត្រីខកំប៉ុង ០១ យួរ (១០កំប៉ុង)។

លោករដ្ឋមន្ត្រីបន្ថែមថា តាមកិច្ចប្រជុំថ្នាក់បច្ចេកទេសនាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ក្រុមហ៊ុនហ្គ្រីនត្រេដ នៃក្រសួងពាណិជ្ជកម្ម នឹងបញ្ចេញសន្និធិស្បៀងត្រៀមបម្រុងនេះ ចែកជូនប្រជាពលរដ្ឋជាបន្តទៀត ក្នុងនោះគ្រោងនឹងបញ្ចេញជូនទៅខេត្តសៀមរាប ចំនួន ១០.០៥០គ្រួសារ និងត្រៀមជាស្រេច ដើម្បីបញ្ចេញទៅបណ្តាខេត្តផ្សេងទៀត ដែលទទួលរងគ្រោះដោយសារទឹកជំនន់ធ្ងន់ធ្ងរ។

លោករដ្ឋមន្ត្រីពាណិជ្ជកម្ម បញ្ជាក់ជូនថា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងគ្រោះមហន្តរាយធម្មជាតិនេះ ក្រសួងពាណិជ្ជកម្ម បាននិងកំពុងធ្វើសកម្មភាពឆ្លើយតប ដោយប្រើប្រាស់ស្បៀងបម្រុងរដ្ឋចែកជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងត្រៀមខ្លួនចូលរួមដោះស្រាយ និងវាយតម្លៃលើផលប៉ះពាល់ដោយសារទឹកជំនន់នេះ៕