(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវឱ្យម្ចាស់ និងតំណាងរោងចក្រ សហគ្រាស ក្រុមហ៊ុន កាស៊ីណូ សណ្ឋាគារ និងផ្ទះសំណាក់ ត្រូវផ្តល់ព័ត៌មានដល់ សមត្ថកិច្ចពីស្ថិតិនិងការស្នាក់នៅរបស់ជនបរទេសនៅតាមទីតាំងរបស់ខ្លួនឱ្យបានច្បាស់លាស់។

ការណែនាំរបស់ស្នងការនគរបាលខេត្តបន្ទាយមានជ័យយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការគ្រប់គ្រងជនបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានអំពាវនាវដល់លោក/លោកស្រីជាម្ចាស់និងតំណាងរោងចក្រ សហគ្រាស ក្រុមហ៊ុន កាស៊ីណូ សណ្ឋាគារ និងផ្ទះសំណាក់ទាំងអស់ត្រូវចូលរួមសហការណ៍ផ្តល់ព័ត៌មាន ស្តីពីស្ថិតិនិងការស្នាក់នៅរបស់ជនបរទេសដែលកំពុងធ្វើការ និងធ្វើអាជីវកម្ម ឬស្នាក់នៅតាមទីតាំងអាជីវកម្មរបស់ពួកគេ ដើម្បីសមត្ថកិច្ចជំនាញងាយស្រួលក្នុងអនុវត្តការងារនិងគ្រប់គ្រងជនបរទេស និងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។

លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា ថ្មីៗនេះ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ បានចេញនូវបទបញ្ជាស្តីពីការគ្រប់គ្រងជនបរទេសជាជនអន្តោប្រវេសន៍ ដែលមកស្នាក់នៅប្រកបអាជីវកម្មផ្សេងៗទាំងស្របច្បាប់ ទាំងមិនស្របច្បាប់ គិតឡើងទាំងការផ្តល់លិខិតឆ្លងដែន ទិដ្ឋាការកាងារ និងទេសចរណ៍។ ក្នុងករណីរកឃើញថាមានការលាក់បាំង ឬផ្តល់ទីតាំងឱ្យជនបរទេសស្នាក់នៅដោយខុសច្បាប់ សមត្ថកិច្ចជំនាញអនុវត្តត្រូវអនុវត្តការផាកពិន័យ ឬកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕