(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា បានរៀបចំកិច្ចប្រជុំគ្រោះយោបល់ស្តីពី ការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់ដឹកនាំសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម អាស៊ី-អាគ្នេយ៍លើកទី២០ និងវេទិកាយុវជនលើកទី២ នៅឆ្នាំ២០២៣។

កិច្ចប្រជុំនេះបានធ្វើឡើងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាព លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហកម្ពុជា និងលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា។

ក្នុងកិច្ចពិភាក្សាខាងលើនេះ បានឆ្លុះបញ្ចាំងពីលទ្ធផល នៃកិច្ចប្រជុំថ្នាក់ដឹកនាំសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម អាស៊ី-អាគ្នេយ៍ លើកទី១៩ និងវេទិកាយុវជនលើកទី១ នៅប្រទេសប្រ៊ុយណេ កាលពីថ្ងៃទី៣-៧ ខែតុលា ឆ្នាំ២០២២កន្លងទៅ។

ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំនេះ ក្នុងនាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកស្រីកិត្តសង្គហបណ្ឌិត ឃួន សុដារី បានថ្លែងនូវការកោតសរសើរ ចំពោះគណៈប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ ដែលអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំសមាគមជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម អាស៊ី-អាគ្នេយ៍លើកទី១៩ និងវេទិកាយុវជន លើកទី១ នៅទីក្រុង បាន់ដា សេរី បេហ្គាវ៉ាន់ ប្រទេសប៊្រុយណេ កន្លងទៅនេះ ហើយដែលការចូលរួមនេះ ជាកិត្តិយសមួយសម្រាប់កាកបាទក្រហមកម្ពុជា នៅលើឆាកតំបន់ និងអន្តរជាតិ ជាពិសេសគឺបាននាំមកនូវលទ្ធផលជោគជ័យសម្រាប់កាកបាទក្រហមកម្ពុជា ដែលនឹងត្រៀមធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំនៅឆ្នាំ២០២៣ខាងមុខ។

លោកស្រីកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងវាយតម្លៃខ្ពស់ចំពោះមតិចូលរួមរបស់សមាជិកអង្គប្រជុំ ដែលផ្តល់នូវគំនិតយោបល់សម្រាប់ការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣។ លោកស្រីកិត្តិសង្គហបណ្ឌិត ក៏បាននាំណែនាំដល់ប្រតិបត្តិករ ដែលត្រូវអនុវត្តការងារខាងលើនេះ ត្រូវពិនិត្យ និងសិក្សាឡើងវិញលើឯកសារនានាដែលពាក់ព័ន្ធនឹងកិច្ចប្រជុំ ថ្នាក់ដឹកនាំកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ជាបន្តបន្ទាប់នាពេលកន្លងមក ជាពិសេស ត្រូវធ្វើយ៉ាងណា បន្ស៊ីជាមួយស្ថានភាពនៃគ្រោះមហន្តរាយ ក្នុងតំបន់ និងពិភពលោកនាពេលបច្ចុប្បន្ន ដែលកាន់តែមានវិសាលភាពធំឡើងៗ រួមជាមួយសង្គ្រាមផងដែរ។

លោកស្រីកិត្តិសង្គហបណ្ឌិត ក៏បានណែនាំឱ្យបង្កើតគណៈកម្មការ-អនុគណៈកម្មការ ក៏ដូចជារៀបចំជាអង្គការចាត់តាំងឱ្យបានច្បាស់លាស់ សម្រាប់ត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ឆ្នាំ២០២៣ខាងមុខនេះ ហើយដែលនឹងត្រូវពិនិត្យពិភាក្សាគ្នាផ្តល់ជាយោបល់រួម ដើម្បីដាក់ជូនថ្នាក់ដឹកនាំសម្រេចនាពេលខាងមុខ។

សូមបញ្ជាក់ផងដែរថា សមាជិកនៃកិច្ចប្រជុំពិគ្រោះយោបល់នាថ្ងៃនេះ ក៏បានស្តាប់សេចក្តីរាយការណ៍ របស់យុវជន ស្តីពីលទ្ធផលនៃការចូលរួមក្នុងវេទិកាយុវជនលើកទី១ និងសេចក្តីរាយការណ៍របស់ លោកស្រី អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ស្តីពីលទ្ធផល នៃការចូលរួមរបស់គណៈប្រតិភូ នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម អាស៊ី-អាគ្នេយ៍លើកទី១៩ ដែលលទ្ធផលទាំងអស់នេះ គឺជាការឆ្លុះបញ្ចាំង និងជាធាតុចូលយ៉ាងសំខាន់សម្រាប់កាកបាទក្រហមកម្ពុជា ឈានទៅធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៣ ឱ្យដំណើរការប្រព្រឹត្តទៅដោយជោគជ័យ៕