(ត្បូងឃ្មុំ)៖ ផ្តើមចេញពីការគិតគូយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ដល់សុខទុក្ខរបស់ពលរដ្ឋ ជាពិសេសរដ្ឋបាលខេត្តត្បូងឃ្មុំ រួមនិងអាជ្ញាធរមូលដ្ឋាន បន្ទាប់ពីស្រែស្រូវរបស់ប្រជាកសិកររងការខូចខាតដោយទឹកជំនន់ រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២២ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានបន្តអញ្ជើញចុះសួរសុខទុក្ខនាំយកស្រូវពូជចំនួន១០,៧០០ គីឡូក្រាម ជាជំនួយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅចែកផ្ដល់ជូនប្រជាកសិករអាទិភាពមានដីស្រែអាចស្ដារឡើងវិញបាន ចំនួន ១០៧ គ្រួសារ ក្នុងចំណោមគ្រួសារដែលមានដំណាំស្រូវ រងការខូចខាតដោយទឹកជំនន់ទឹកភ្លៀង នាពេលកន្លងទៅ ក្នុងឃុំត្រពាំងព្រីង និងឃុំសេដា ស្មើនឹង ០៦ភូមិ ក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។

ក្នុងពិធីចុះជួបសំណេះសំណាល និងប្រគល់ពូជស្រូវនេះ ធ្វើឡើងនៅបរិវេណវត្តជនីរង្សី (ហៅវត្តកំពង់រាំង) ស្ថិតនៅភូមិកំពង់រាំង ឃុំសេដា ស្រុកតំបែរ ខេត្តត្បងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត ប្រធានអនុ-ប្រធានមន្ទីរជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ប្រជាកសិករ និងអ្នកពាក់ព័ន្ធ ជាច្រើនរូប។

ថ្លែងទៅកាន់បងប្អូនប្រជាសិករ នាឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ស្រូវពូជទាំងនេះ ត្រូវបានរាជរដ្ឋាភិបាល ផ្ដល់ជូនប្រជាកសិករអាទិភាពមានដីស្រែអាចស្ដារឡើងវិញបាន ក្រោយរងផលប៉ះពាល់ខូចខាតដោយទឹកជំនន់ទឹកទន្លេមេគង្គ និងជំនន់ទឹកភ្លៀង នាពេលកន្លងមក ហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដាំផ្ញើនូវការសួរសុខទុក្ខ និងសម្ដែងការព្រួយបារម្ភដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ទាំងអស់ផងដែរ ។

លោកបណ្ឌិត អភិបាលខេត្ត បន្តថា ក្នុងរយៈពេលដែលប្រជាពលរដ្ឋ ទទួលរងនៅការលំបាកចំពោះគ្រោះទឹកជំនន់ រដ្ឋបាលខេត្តត្បូងឃ្មុំ អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធ បានចូលរួមជួយសង្គ្រោះ និងរំដោះបងប្អូនប្រជាពលរដ្ឋ ឲ្យមានសុខសត្ថិភាព ថែមទាំងបានផ្ដល់ស្បៀងអាហារឲ្យបានគ្រប់គ្រាន់ ដោយមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ អត់អាហារស្លាប់ដល់ពុំបានដឹងឮពីអាជ្ញាធរឡើយ

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានសំណូមពរ និងណែនាំដល់ប្រជាកសិករទាំងអស់ សូមយកពូជស្រូវទាំងនេះទៅបង្កបង្កើនផល បើសិនមានចម្ងល់បន្ថែមជាមួយបញ្ហាពូជស្រូវទាំងនេះ បងប្អូនប្រជាកសិករ អាចសួរបានតាមរយៈមន្រ្តីជំនាញ នៃមន្ទីរកសិកម្ម ខេត្ត ដែលតែងតែនៅក្បែរបងប្អូន ក្នុងការស្ដារស្រែស្រូវឡើងវិញ ដើម្បីជួយដល់ជីវភាពរស់នៅរបស់បងប្អូន។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៏បានក្រើនរំលឹកដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តសហការគ្នាអនុវត្តន៍ឲ្យខានតែបាន នូវគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញ ត្រូវលុបបំបាត់បង្ក្រាបរាល់ការប្រព្រឹត្តបទល្មើសផ្សេងៗ ចោរលួច ឆក់ ប្លន់ ល្បែងស៊ីសងគ្រប់ប្រភេទ ធានាបានសន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕