(ភ្នំពេញ)៖ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចក្នុងជួរគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់ខ្ពស់ និងម៉ឺងម៉ាត់បំផុតក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២។

ការជំរុញបែបនេះបានធ្វើឡើងនារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំស្តីពីការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ដើម្បីធានាថាកិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅដោយរលូន និងជោគជ័យតាមការគ្រោងទុក។

លោក ឃួង ស្រេង បានលើកឡើងថា កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២នេះ នឹងចាប់ផ្តើមឡើងនៅថ្ងៃទី១១ ដល់ថ្ងៃទី១៣ វិច្ឆិកាឆ្នាំ២០២២ ហើយក្នុងកិច្ចប្រជុំនេះក៏នឹងមានថ្នាក់ដឹកនាំប្រទេសមហាអំណាចមួយចំនួននៅលើពិភពលោកអញ្ជើញមកប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំនេះដែរ។ ដូច្នេះអាជ្ញាធរ និងកងកម្លាំងទាំងអស់ត្រូវតែម៉ឺងម៉ាត់ម៉ត់ចត់ក្នុងកិច្ចការពារប្រតិភូ ដោយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ត្រូវអនុវត្តចំណុចខ្ពស់ចាប់អនុវត្តពីថ្ងៃទី៨ វិច្ឆិកាតទៅ រហូតដល់កិច្ចប្រជុំត្រូវបានបញ្ចប់។

ការងារនេះចាប់ពីថ្ងៃស្អែកទៅត្រូវដាក់កម្លាំងល្បាត ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងពិនិត្យរដ្ឋបាលរាល់ថ្ងៃនៅតំបន់ស្មុកស្មាញ ងាយរងគ្រោះ ពិសេសតំបន់នៅក្បែរទីតាំងស្នាក់នៅរបស់ប្រតិភូ និងកន្លែងប្រជុំរបស់ប្រតិភូ។ ចំណែកមន្ទីរទាំងអស់ត្រូវយកចិត្តទុកដាក់ចំពោះកិច្ចការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួនផងដែរ ដើម្បីធានាថាការងាររបស់ខ្លួនអនុវត្តបានល្អក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ។

បន្ថែមពីនេះ លោក ឃួង ស្រេង ក៏បានណែនាំឱ្យមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញជួលជុលផ្លូវក្រលុកសំបុក អ៊ុតកៅស៊ូផ្លូវខូចខាត ពាក់ព័ន្ធប្រតិភូឆ្លងកាត់ និងត្រូវតុបតែងរាជធានីភ្នំពេញឱ្យកាន់តែមានសោភ័ណភាពទាក់ទាញបន្ថែមទៀត។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាននេះសម្រាប់ថ្ងៃទី១០ វិច្ឆិកា គណៈប្រតិភូនៃបណ្តាប្រទេសមួយចំនួននឹងអញ្ចើញមកដល់កម្ពុជានៅថ្ងៃទី១១ វិច្ឆិកា ប្រតិភូប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាល មន្ត្រីពាក់ព័ន្ធអញ្ជើញដល់ហើយនៅថ្ងៃទី១២ វិច្ឆិកា សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកកិច្ចប្រជុំកំពូលអាស៊ាននេះ និងបន្តកិច្ចប្រជុំជាបន្តបន្ទាប់ដល់ថ្ងៃទី១៣វិច្ឆិកា៕