(វៀតណាម)៖ តបតាមការអញ្ជើញរបស់ក្រសួងការបរទេសវៀតណាម ក្រសួងពាណិជ្ជកម្ម និងទេសចរណ៍អូស្ត្រាលី និងអង្គការសម្រាប់កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចូលរួមក្នុងវេទិកាថ្នាក់រដ្ឋមន្ត្រីតំបន់អាស៊ីអាគ្នេយ៍របស់អង្គការ OECD ឆ្នាំ២០២២ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។

វេទិកានេះមានការចូលរួមពីលោក Pham Binh Minh ឧបនាយករដ្ឋមន្រ្តីប្រចាំការនៃប្រទេសវៀតណាម, លោក Bui Thanh Son រដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសវៀតណាម, លោក Tim Ayres អនុរដ្ឋមន្រ្តីទទួលបន្ទុកពាណិជ្ជកម្ម និងកម្មន្តសាលនៃប្រទេសអូស្រ្តាលី, លោក Mathias Cormann អគ្គលេខាធិការអង្គការ OECD, លោក ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម, និងតំណាងប្រទេសសមាជិកអង្គការ OECD អាស៊ាន និងវិស័យឯកជន ដែលមានអ្នកចូលរួមផ្ទាល់ និងតាមប្រព័ន្ធវីដេអូ សរុបប្រមាណ ៤០០នាក់។

នៅក្នុងវេទិកានេះ ឯកឧត្តម សុខ ចិន្តាសោភា គឺជាវាគ្មិនមួយរូបដែលបានធ្វើបទអន្តរាគមន៍ ក្នុងកិច្ចពិភាក្សាថ្នាក់រដ្ឋមន្រ្តីក្រោមប្រធានបទ «ភាពជាដៃគូរវាងតំបន់អាស៊ីអាគ្នេយ៍ និងអង្គការ OECD ដើម្បីពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់» ក្នុងចំណោមឥស្សរជនជាន់ខ្ពស់ដទៃទៀត ដែលរួមមានដូចជា លោកស្រី Mary Ng រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអន្តរជាតិ ការជំរុញការនាំចេញ ការអភិវឌ្ឍសេដ្ឋកិច្ចនិងធុរកិច្ចខ្នាតតូចនៃប្រទេសកាណាដា, លោក Park Jin រដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ, លោក Tobias Lindner រដ្ឋលេខាធិការក្រសួងការបរទេសអាល្លឺម៉ង់, លោក Takagi Kei អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន, និងលោក Lim Jock Hoi អគ្គលេខាធិការអាស៊ាន ជាដើម។

លោក សុខ ចិន្តាសោភា បានថ្លែងដោយសង្កត់ធ្ងន់ពីស្មារតីនៃការរួបរួមគ្នាជាធ្លុងមួយ ដើម្បីទទួលបាននូវផលប្រយោជន៍រួម។

លោកបានលើកឡើងដូច្នេះថា «រូបិយប័ណ្ណដ៏មានតម្លៃបំផុត ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់គឺជាពេលវេលា។ តាមរយៈការប្រើប្រាស់ឌីជីថលភាវូបនីយកម្ម និងម៉ូដែលព្យាករណ៍ខ្សែច្រវាក់ផ្គត់ផ្គង់ យើងនឹងបង្កើតខ្សែច្រវាក់ផ្គត់ផ្គង់ដែលលឿនជាងមុន និងថោកជាងមុន និងអាចជួយ សង្គ្រោះជីវិតមនុស្សបាន យ៉ាងហោចណាស់សម្រាប់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងវិស័យសុខាភិបាល»។

លោក សុខ ចិន្តាសោភា ក៏បានថ្លែងថា កម្ពុជាជឿជាក់លើអត្ថប្រយោជន៍នៃកិច្ចសហប្រតិបត្តិការនិងការធ្វើ សមាហរណកម្មកាន់តែជិតស្និទ្ធជាមួយប្រទេសនៅក្នុង និងក្រៅតំបន់។ ការប្តេជ្ញារបស់កម្ពុជាក្នុងការជំរុញឌីជីថលភាវូបនីយកម្ម និងវិស័យឡូជីស្ទីកក៏បានឆ្លុះបញ្ចាំងតាមរយៈការផ្តល់នូវការលើកទឹកចិត្តវិនិយោគក្នុងឧស្សាហកម្មឌីជីថល និងការវិនិយោគក្នុងវិស័យឡូជីស្ទីក នៅក្នុងច្បាប់ស្តីពីវិនិយោគដែលបានអនុម័តកាលពីចុងឆ្នាំ២០២១កន្លងទៅ។

«ខ្ញុំជឿជាក់លើថាមពលមនុស្សជាតិ ហើយខ្ញុំជឿថា ការរួបរួមគ្នាក្នុងភាពជាដៃគូ នឹងអាចកសាងនូវខ្សែច្រវាក់ផ្គត់ផ្គង់ ដែលរឹងមាំនិងមានភាពធន់ជាងមុន ក៏ដូចជាអនាគតមួយដ៏ភ្លឺស្វាង»។ នេះជាការលើកឡើងរបស់ឯកឧត្តម សុខ ចិន្តាសោភា មុននឹងបញ្ចប់បទអន្តរាគមន៍របស់លោក។

សូមជម្រាបថា ក្រោមប្រធានបទ «ការតភ្ជាប់តំបន់៖ ភាពជាដៃគូសម្រាប់ខ្សែច្រវាក់ផ្គត់ផ្គង់ដែលមានភាពធន់ និងប្រកបដោយចីរភាព» វេទិកាថ្នាក់រដ្ឋមន្ត្រីតំបន់អាស៊ីអាគ្នេយ៍របស់អង្គការ OECD ឆ្នាំ២០២២ នេះបានធ្វើការពិភាក្សាអំពីវិធីសាស្រ្តក្នុងការលើកកម្ពស់ភាពជាដៃគូរវាងអង្គការ OECD និងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីបង្កើនភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់, ជំរុញពាណិជ្ជកម្មសេរី, ជំរុញការវិនិយោគ និងគាំទ្រការផ្លាស់ប្តូរវិស័យឌីជីថល និងវិស័យបៃតងក្នុងរយៈពេលវែងខាងមុខ។

វេទិកានេះផ្តល់ឱកាស សម្រាប់រដ្ឋមន្ត្រី និងអ្នកតំណាងកម្រិតខ្ពស់មកពីបណ្តាប្រទេសសមាជិកអង្គការ OECD ដែលមានចំនួន៣៨ និងបណ្តាប្រទេសអាស៊ាន ដើម្បីពិភាក្សាអំពីវិធានការជាក់ស្តែងដែលអាស៊ាន និងធុរកិច្ចនិងរដ្ឋាភិបាលនៃប្រទេសសមាជិកអង្គការ OECD អាចសហការគ្នាដើម្បីកែលម្អភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ៕