(ភ្នំពេញ)៖ ឆ្លើយតបសំណួរអ្នកសារព័ត៌មាន អំពីផែនការផ្លាស់ប្តូរតំណែងមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា លោកមិនមានផែនការតែងតាំង ឬផ្លាស់ប្តូរតំណែងមន្ត្រីនៅក្រសួងនោះទេ ដោយសារលោកទើបតែទទួលបានការតែងតាំង និងចូលកាន់តំណែងរដ្ឋមន្ត្រី ដែលថ្មីសុទ្ធសម្រាប់រូបលោក ក្នុងការវាយតម្លៃ សមត្ថភាពរបស់មន្ត្រី។

លោករដ្ឋមន្ត្រីបន្ថែមថា ក្នុងករណីដែលមន្ត្រីកសិកម្មណា ដែលមានហេតុផលដែលចង់ធ្វើការ នោះអាចនឹងមានការផ្លាស់ប្តូរ ហើយការផ្លាស់ប្តូរក៏មិនមែនដើម្បីបំផ្លាញ ឬបង្កើតបក្ខពួកនោះដែរ គឺជាការសម្រួការងារឲ្យកាន់តែមានប្រសិទ្ធភាពប៉ុណ្ណោះ។

ការថ្លែងយ៉ាងដូច្នេះរបស់លោក ឌិត ទីណា ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់ពិធីប្រកាសចូលកាន់តំណែងជាផ្លូវការ ជារដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ។

លោករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «ចំពោះការតែងតាំង ឬក៏ផ្លាស់ប្តូរប្រអប់ផ្សេងៗ ចំពោះខ្ញុំ ខ្ញុំអត់មានគំនិតអគតិណាមួយទេ ព្រោះខ្ញុំថ្មីសុទ្ធនៅក្នុងក្រសួងនេះ។ ខ្ញុំធ្លាប់ធ្វើការជាមួយមន្ត្រី ក្នុងពេលខ្ញុំកាន់តំណែងនៅក្រសួងផ្សេង ដូច្នេះខ្ញុំមិនអាចវាយតម្លៃគាត់ បើឲ្យខ្ញុំចូលទៅភ្លាមចាប់អ្នកនេះដាក់អ្នកនោះ ខ្ញុំសូមជម្រាបជូនថា មិនទាន់ធ្វើទេ ព្រោះអត់មានមូលដ្ឋានគ្រឹះក្នុងការផ្លាស់ប្តូរ។ ដោយឡែកចង់ឲ្យធ្វើការជាមួយគ្នា ដោយការសហការដោយស្មារតីស្ថាបនាជាទីបំផុត ហើយនៅពេលដែលយើងឆ្លងកាត់នូវវិញ្ញាសារដ៏ធ្ងន់ៗទាំងអស់នេះ បានយើងចាប់ផ្តើមឃើញថា អ្នកណាអាចរែកពន់បានប៉ុណ្ណា»។

លោកបន្តថា «អ្នកដែលរែកពន់មិនបាន មិនមែនថាគាត់គ្នាសមត្ថភាពទេ ប្រហែលជាគាត់មិនមានចិត្តចង់ អាចមាន ឬមិនមានហេតុផលដែលចង់ធ្វើនៅទីនេះ ក៏មានដែរ ក្នុងន័យនេះ ការផ្លាស់ប្តូរតំណែងនឹងអាចកើតមាន ប៉ុន្តែមិនមែនជាការផ្លាស់ប្តូររុះរើ ដើម្បីបំផ្លាញ ឬដើម្បីបង្កើតនូវបក្ខពួកនោះឡើយ ជាការសម្រួចសមត្ថភាពរបស់គាត់ ទៅនឹងការងារដែលអាចស៉ីសង្វាក់ជាមួយជាមួយគាត់បាន ដែលនេះជាការធានារបស់ខ្ញុំចំពោះមន្ត្រីរាជការ ថ្នាក់ដឹកនាំនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ»។

លោកក៏បានប្រាប់កុំឲ្យបណ្តារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឬមន្ត្រីផ្សេងៗដែលមានអាយុចាស់ជាងលោក សូមកុំបារម្ភរឿងធ្វើការមិនស៉ីសង្វាក់គ្នា ព្រោះលោកធ្លាប់ឆ្លងកាត់ការងារ និងមានបទពិសោធន៍ធ្លាប់ធ្វើការជាមួយមន្ត្រីទាំងចាស់ទាំងក្មេង លោកអាចសម្របបានទាំងអស់៕