(ភ្នំពេញ)៖ សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ និងជាព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា មានសង្ឃដីកាថា អគារសិក្សាថ្មីកំពុងសាងសង់ក្នុងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នឹងចូលរួមចំណែកធ្វើឱ្យវិស័យអប់រំនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ក្នុងឱកាសយាងពិនិត្យការដ្ឋានសាងសង់អគារសិក្សានៅពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា ស្ថិតក្នុងវត្តស្វាយពពែ រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ដោយមានការអមដំណើរដោយអ្នកឧកញ៉ា ម៉ម វណ្ណឌី ប្រធានគណៈកម្មការសាងសង់អគារសិក្សា និងក្រុមការងារ សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី មានសង្ឃដីកាថា អគារសិក្សានេះសាងសង់ឡើងដើម្បីឆ្លើយតបនឹងកំណើននៃសមណនិស្សិត ក៏ដូចជាសិស្សនិស្សិតមកពីគ្រប់ទិសទីដែលកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

សម្ដេចព្រះមហាសង្ឃរាជបានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចូលរួមថវិកាសាងសង់អគារសិក្សានេះនូវថវិកាចំនួន២០ម៉ឺនដុល្លារ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ២០ម៉ឺនដុល្លារ អ្នកឧកញ៉ា ម៉ម វណ្ណឌី និងលោកស្រី ទៀង ផល្លា ចូលរួមបរិច្ចាគថវិកា២០ម៉ឺនដុល្លារ និងសប្បុរសជនបន្តចូលរួមជាច្រើនទៀត ខណៈអគារសិក្សានេះនឹងត្រូវសាងសង់ឱ្យរួចរាល់នៅឆ្នាំ២០២៣។

ជាមួយនេះ សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី មានសង្ឃដីកាអំពាវនាវដល់សមណនិស្សិត និងសិស្សនិស្សិតទាំងអស់ត្រូវខិតខំរៀនសូត្រ ដើម្បីយកចំណេះដឹងទៅចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានភាពរីកចម្រើនទៅមុខ ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជ្រើសយកការបណ្ដុះធនធានមនុស្សជាវិស័យអទិភាពផងដែរនោះ។

ក្នុងពេលអមដំណើរសម្ដេចព្រះមហាសង្ឃរាជនោះ អ្នកឧកញ៉ា ម៉ម វណ្ណឌី បានលើកឡើងថា អគារនេះគ្រោងថវិកាសាងសង់ចំនួនជិត២លានដុល្លារ មានកម្ពស់ចំនួន៩ជាន់។

គួរបញ្ជាក់ថា ក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់សប្បុរសជនចូលរួមកសាងនូវអគារសិក្សាថ្មីក្នុងពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជានេះទៅតាមលទ្ធភាព ដើម្បីផ្ដល់ជាប្រយោជន៍ក្នុងការជួយអភិវឌ្ឍវិស័យធនធានមនុស្សនៅកម្ពុជា។

ថ្លែងក្នុងពិធី ​បញ្ចុះបឋមសិលា និងបុណ្យផ្កាសាមគ្គីកសាងអគារសិក្សាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ
កាលពីព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២កន្លងមកនេះ លោក ហ៊ុន ម៉ាណែត បានអំពាវនាវជូនសប្បុរសជនចូលរួមបរិច្ចាគថវិកាក្នុងស្មារតីខ្មែរជួយខ្មែរ សិក្សាដោយឥតបង់ថ្លៃដើម្បីជាបុណ្យកុសលផង និងជាការលើកស្ទួយវិស័យអប់រំក្រោមម្លប់ពុទ្ធសាសនាផង៕

អ្នកមានចិត្តបុណ្យទាំងឡាយ សូមបរិច្ចាគតាមកម្លាំងសទ្ធាតាមរយៈ៖
គណនី Wing 04377777 (KHR)
គណនី Wing 04177777 (USD)
គណនី ABA 077 402 402 $
គណនី ABA 086 402 402 ៛
គណនីអេស៉ីលីដា 34830429999999 $
គណនីអេស៉ីលីដា 34830429999998 ៛
ទូរស័ព្ទលេខ៖ 016 43 43 25 / 070 40 66 68/ 070 211 422 / 077 402 402
ហ្វេសប៊ុក៖ Preah Sihamoniraja Buddhist University Bachelor និងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ព័ត៌មានថ្នាក់បរិញ្ញាបត្រ៕