(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ បាននាំយកពូជស្រូវរបស់រាជរដ្ឋាភិបាលជាង ៧៦,០០០គីឡូក្រាម មកចែកជូនប្រជាកសិករដែលទទួលរងគ្រោះផលប៉ះពាល់ពីជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ ផ្តល់ជូនទៅស្រុកព្រែកប្រសព្វ, ស្រុកចិត្របុរី និងក្រុងក្រចេះ ដើម្បីឱ្យពួកគាត់មានលទ្ធភាពស្តារឡើងវិញ។

លោក វ៉ា ថន បានគូសបញ្ជាក់ថា ពូជស្រូវដែលទទួលបានពីរាជរដ្ឋាបាលពេលនេះ គឺជាប្រភេទពូជស្រូវថ្មី ជាពូជស្រូវស្រាលមិនប្រកាន់រដូវ មានរៈយពេលតែ១១៥ថ្ងៃតែប៉ុណ្ណោះ សម្រាប់ដាំដុះ និងប្រមូលផលតែមុន នឹងយកទៅធ្វើការដាំដុះសូមប្រជាពលរដ្ឋ យកគ្រាប់ពូជស្រូវទាំងអស់នោះ យកទៅហាលថ្ងៃសិន ដើម្បីឱ្យស្ងួតល្អ ចាំយកទៅដាំដុះសាបព្រួស ទើបគ្រាប់ស្រូវដុះចេញល្អ។

លោកអភិបាលខេត្ត បានបន្តថា រដ្ឋាភិបាលបានគិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈគ្រប់ស្ថានភាព ក្នុងនោះគិតពំអីបញ្ហាសុខមាលភាពសាធារណៈ ដែលរងអំពីការរាលត្បាតនូវជំងឺកូវីដ១៩ និងភាពខ្វះខាតក្នុងកំឡុង ពេលជំងឺកូវីដ១៩ ថែមពីនោះបានគិតគូរពីការបង្កបង្កើនផងដំណាំកសិកម្ម ដើម្បីស្តារឡើងវិញក្រោយប៉ះពាល់ពីទឹកជំនន់ និងក្រោយពីទឹកជំនន់បានស្រកចុះ។

លោកបញ្ជាក់ថា ការផ្ដល់គ្រាប់ពូជស្រូវនេះ ជាជំហានដំបូង គឺយើងដោះស្រាយជូនប្រជាពលរដ្ឋ ដែលមានជីវិតខ្វះខាតជាចម្បងសិន ចំណែកប្រជាពលរដ្ឋ ដែលមិនទាន់បានទទួលគ្រាប់ពូជ សូមកុំទាន់អាក់អន់ស្រពន់ចិត្ត អីរាជរដ្ឋាភិបាល នៅតែបន្តចែកគ្រាប់ពូជស្រូវដល់ប្រជាពលរដ្ឋណាដែលរងគ្រោះដោយសារទឹកជំនន់ឱ្យបានគ្រប់ៗគ្នា ហើយលោកក៏បានណែនាំដល់ប្រជាពលរដ្ឋសូមដាំដុះស្រូវឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដាំដុះតាមបច្ចេកទេសកសិកម្មឱ្យបានល្អប្រសើរ ៕