(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ បានចុះជួបសំណេះសំណាល និងនាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ជូនដល់ជនងាយរងគ្រោះ ខ្វះខាតជីវភាពចំនួន៥៨គ្រួសារ មកពី៣ឃុំ គឺឃុំទំនប់, ឃុំសណ្តែក និងឃុំត្រប់ ស្រុកបាធាយ ។

កម្មវិធីនេះបានរៀបចំនៅក្នុងបរិវេណវត្តសំវរសីល ហៅវត្តសណ្តែក ក្នុងស្រុកបាធាយ។ ជនងាយរងគ្រោះទាំងនោះរួមមាន៖ ចាស់ជរា ១៤គ្រួសារ, ជនមានពិការភាព ៣គ្រួសារ ស្ត្រីមេម៉ាយក្រីក្រចំនួន ២១គ្រួសារ មានជំងឺប្រចាំកាយចំនួន ៨គ្រួសារ ទីទ័លក្រចំនួន ៩គ្រួសារ មានសតិមិនគ្រប់ចំនួន១គ្រួសារ និងកុមារកំព្រាចំនួន ២គ្រួសារ ។

ក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បានពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់លោកតា លោកយាយ បងប្អូនទាំងអស់ ដោយក្តីនឹករលឹក និងអាណិតអាសូរជាទីបំផុត ដែលជានិច្ចកាល សម្ដេចតែងតែខ្វល់ខ្វាយគិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសជនរងគ្រោះ និងជនងាយរងគ្រោះបំផុតដោយមិនរើសអើង ប្រកាន់និន្នាការនយោបាយ ឬសាសនាអ្វីឡើយ ហើយតែងបានចាត់តំណាងឱ្យចុះអន្តរាគមន៍ដោះស្រាយ ផ្តល់ជំនួយសង្រ្គោះជួយសម្រាលទុក្ខលំបាក បានទាន់ពេលវេលា ស្របតាមទិសស្លោក «កាកបាទក្រហមមាននៅគ្រប់ទីកន្លែង សម្រាប់យើងគ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល»។

ជាមួយគានោះដែរ ប្រធានគណ:កម្មាធិការសាខា បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសលោកតា លោកយាយ ចាស់ៗ សូមយកចិត្តទុកដាក់ ក្នុងការថែទាំសុខភាព សុវត្ថិភាពផ្ទាល់ខ្លួន ហើយកត្តាដែលសំខាន់នោះ គឺត្រូវប្រកាន់ខ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត, ពិសារអាហារដែលចម្អិនឆ្អិនល្អ និងត្រូវសម្រាន្តក្នុងមុង ហើយសូមជូនពរលោកតា លោកយាយ បងប្អូនទាំងអស់ មានសុខភាពល្អរឹងមាំ អាយុយឺនយូរ បន្តរស់នៅក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍន៍។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលបានផ្តល់ជូនលោកតា លោកយាយ និងជនងាយរងគ្រោះទាំង៥៨ គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានអង្ករ ២៥គីឡូក្រាម, ទឹកត្រី ១យួរ, មីជាតិ ១កេស, ទឹកស៊ីអ៉ីវ ១យួរ, ត្រីខ ១០កំប៉ុង, សាប៊ូលុច្ស ៤ដុំ, ឃីត ១កញ្ចប់, អាវយឺត ៤, ម៉ាស់ចំនួន១០បន្ទះ និងថវិកា ៥០,០០០រៀល ព្រមទាំងបានប្រគេនព្រះចៅអធិការវត្តសំវរសីលសណ្តែក នូវអង្ករ ១០០គីឡូក្រាម, មី ៤កេស, ត្រីខ ៤យួរ និងបច្ច័យមួយចំនួនផងដែរ៕