(ភ្នំពេញ)៖ វគ្គបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតពុទ្ធិកបឋមសិក្សា សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ ត្រូវបានរៀបចំឡើងដោយអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ នៃក្រសួងធម្មការ និងសាសនា រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។

សម្តេចព្រះពោធិវង្ស អំ លីមហេង ព្រះអគ្គាធិការរងពុទ្ធិកសិក្សា​ ព្រះរាជតំណាងសម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះអគ្គាធិការ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងលោក សេង​ សុមុនី រដ្ឋលេខាធិការ តំណាងលោក ឈិត សុខុម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បាននិមន្ត និងអញ្ជើញអធិបតី ក្នុងកម្មវិធីបើកនៅព្រឹកនេះ។

ក្នុងឱកាសនោះ សម្តេចព្រះពោធិវង្ស អំ លីមហេង បានមានសង្ឃដីកាថា ការសិក្សា គឺជាការដុសខាត់ចិត្ត គំនិត និងការអភិវឌ្ឍចំណេះដឹងជាប្រចាំ ដើម្បីអាចឆ្លើយតបទៅតាមតម្រូវការជាក់ស្តែង នៃសាកលភាវូបនីយកម្ម។ ការអភិវឌ្ឍចំណេះដឹងនេះទៀតសោត គឺស្របតាមចតុស្តម្ភនៃគោលការណ៍អប់រំរបស់កម្ពុជា រួមមាន៖ រៀនដើម្បីចំណេះដឹង​ រៀនដើម្បីចំណេះធ្វើ រៀនដើម្បីមានសីលធម៌ និងរៀនដើម្បីចេះរស់នៅជាមួយគ្នាក្នុងសង្គម។

«ដូច្នេះយើងទាំងអស់គ្នាចាំបាច់ត្រូវតែមានសមត្ថភាព ជំនាញ និងគំនិតច្នៃប្រឌិត ដើម្បីអាចបំពេញការងារប្រកបដោយប្រសិទ្ធភាពខ្ពស់»។ នេះជាសង្ឃដីកាបញ្ជាក់ របស់សម្តេចព្រះពោធិវង្ស អំ លីមហេង។

គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីឲ្យការសិក្សាក្នុងវិស័យពុទ្ធិកសិក្សាកាន់តែមានភាពប្រសើរឡើង។ ការបណ្តុះបណ្តាលនេះ ផ្តល់ជូននូវជំនាញ និងវិធីសាស្ត្របង្រៀនថ្មីៗ ដល់គ្រូពុទ្ធិកបឋមសិក្សា ក្នុងគោលបំណងឲ្យការផ្ទេរចំណេះដឹង ដល់សមណសិស្ស សិស្ស ឲ្យកាន់តែមានប្រសិទ្ធភាព និងងាយទទួលបាននូវអ្វីដែលគ្រូបានបង្រៀន ជាពិសេសដើម្បីធានាបាន នូវក្រមសីលធម៌ វិជ្ជាជីវៈជាគ្រូបង្រៀន ប្រកបដោយសេចក្តីថ្លៃថ្នូរ។

តាមរយៈវគ្គបណ្តុះបណ្តាលនេះ សម្តេចព្រះពោធិវង្ស អំ លីមហេង សង្ឃឹមយ៉ាងមុតមាំថា នឹងប្រគេន និងផ្តល់ជូនសិក្សាកាមគ្រប់រូប​​ ដែលនិមន្តនិងអញ្ជើញចូលរួម តាមការចាត់តាំងរបស់មន្ទីរធម្មការនិងសាសនារាជធានីខេត្ត និងជាគ្រូតំណាងឲ្យសាលាពុទ្ធិកបឋមសិក្សា ថែមទាំងបានផ្តល់នូវការលើកកម្ពស់គុណភាព សេវាអប់រំ ទាំងការបណ្តុះបណ្តាល និងបំប៉នសមត្ថភាព ឲ្យក្លាយជាគ្រូបង្រៀនប្រកបដោយវិជ្ជាជីវៈពិតប្រាកដ។ សម្តេចព្រះពោធិវង្ស អំ លីមហេង ជំរុញឲ្យសិក្សាទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំឲ្យអស់ពីសមត្ថភាព ក្នុងការសិក្សារៀនសូត្រ ទទួលយកនូវចំណេះដឹង និងបទពិសោធនថ្មីៗទាំងនេះ ទៅអភិវឌ្ឍវិស័យពុទ្ធិកសិក្សា នៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យមានការរីកចម្រើន ប្រកបដោយចីរភាព។

របាយការណ៍របស់ព្រះសិរីវិសុទ្ធិ សុខ សុភាព ព្រះប្រធានផ្នែកពុទ្ធិកបឋមសិក្សា និងធម្មវិន័យ បានឲ្យដឹងថា សិក្សាកាមដែលត្រូវចូលរួមមាន ៩០រូប (បព្វជិតចំនួន ៣៩អង្គ ប្រុសចំនួន ៤៧នាក់ និងស្រី ៤នាក់) ដែលនិមន្តនិងអញ្ជើញ មកពីបណ្តាលរាជធានីខេត្ត ទាំង២៥​ និងគ្រប់ផ្នែកចំណុះឲ្យអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ។

អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ គឺជាអង្គភាពគ្រប់គ្រងដំណើរការ នៃការសិក្សាផ្នែកពុទ្ធិកសិក្សាទូទាំងប្រទេស។ អង្គភាពនេះ បានឧប្បត្តិកឡើងតាំងពីយូរណាស់មកហើយ និងបន្តរហូតដល់សព្វថ្ងៃ។

លោក សេង​ សុមុនី បានថ្លែងនូវការរីករាយចំពោះសកម្មភាព របស់អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ដែលជាផ្នែកមួយនៃការអភិវឌ្ឍវិស័យអប់រំ។ អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ បាននិងកំពុងបណ្តុះបណ្តាលទាំងគុណធម៌ និងចរិយាធម៌ ហើយលោករដ្ឋលេខាធិការ អះអាងថា អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ គឺជាស្ថាប័នបណ្តុះបណ្តាលកម្រិតខ្ពស់មួយ តាំងពីដើមរហូតដល់បច្ចុប្បន្ន៕