(ត្បូងឃ្មុំ)៖ លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានអញ្ជើញចុះជួបសំណេះសំណាល និងចែកអាវរងារដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូននាយទាហាន នាយទាហានរង នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា បានលើកឡើងថា អាវរងាដែលជាជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានបើកចែកដល់កងកម្លាំងកងរាជអាវុធហត្ថខេត្ត ចំនួន២១៣នាក់ (អាវុធហត្ថនារី៥នាក់) សរុបចំនួន២១៨នាក់។

លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដែលតែងតែបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ និងបន្តលើកកម្ពស់មនសិការស្នេហាជាតិ ស្មោះត្រង់ជាមួយរាជរដ្ឋាភិបាល រួមកម្លាំងសាមគ្គី ការពារសន្តិភាព ទប់ស្កាត់ និងបង្រ្កាបទាន់ពេលវេលាចំពោះជនអគតិទាំងឡាយណា ដែលមានឧបាយកលចង់បំផ្លាញសុខសន្តិភាព ស្ថិរភាពសង្គម និងបានផ្តាំផ្ញើឲ្យបន្តថែរក្សារាល់សមិទ្ធផលដែលកំពុងកើតមានសព្វថ្ងៃ។

ជាមួយគ្នានោះ លោកក៏បានជូនពរដល់កងកម្លាំង ទាំងអស់មានសុខភាពល្អ ជាពិសេសថែរក្សាសុខភាពនៅរដូវរងារដែលនឹងមកដល់នាពេលខាងមុខផងដែរ៕