(ភ្នំពេញ)៖ សាកសពប្រុសស្រី២នាក់ ដែលមិនទាន់ដឹងថាត្រូវជាអ្វីនឹងគ្នា ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ជួល ស្ថិតតាមផ្លូវបេតុង ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល បង្កឲ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ។

សមត្ថកិច្ចបានបញ្ជាក់ថា សាកសពដែលត្រូវបានគេប្រទះឃើញនោះ សពមនុស្សស្រីមានសភាពហើម និងសពមនុស្សប្រុស មានក្រមារិតជុំវិញ ដែលគេសន្និដ្ឋានជំហ៊ានដំបូងថា ស្ដ្រីរូបនោះត្រូវបានបុរសខ្ទប់មាត់ និងច្រមុះ បណ្ដាលឲ្យផុតដង្ហើម រួចធ្វើអត្ដឃាតខ្លួនឯងតាមក្រោយ។

សាកសពស្ដ្រីខាងលើឈ្មោះ វឿន សីហា អាយុ១៧ឆ្នាំ មុខរបរកម្មការនីរោងចក្រ ទីលំនៅភូមិតាខែ ឃុំទឹកជោរ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ ស្នាក់នៅបន្ទប់កើតហេតុខាងលើ។ ដោយឡែកសាកសពបុរស មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះឡើយ។

យោងតាមការបំភ្លឺពីឈ្មោះ យិន ភឿន ភេទស្រី អាយុ២៦ឆ្នាំ ជាមីងរបស់ជនរងគ្រោះស្ដ្រីរងគ្រោះ បានឲ្យដឹងថា ក្មួយស្រីរបស់ខ្លួនធ្វើការរោងចក្រជាមួយគ្នា ប៉ុន្ដែស្នាក់នៅបន្ទប់ជួលម្នាក់ឯង ហើយនៅល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ខ្លួន និងក្មួយស្រីបានចេញពីធ្វើការរួចបំបែកគ្នាទៅបន្ទប់ស្នាក់នៅរៀងៗខ្លួន។

លុះព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ពេលខ្លួនទៅដល់មកកន្លែងធ្វើការមិនទាន់ឃើញក្នួយស្រីមកធ្វើការ ក៏បានទូរស័ព្ទទៅតែមិនអាចទាក់ទងបាន ទើបមករកក្មួយស្រីដល់បន្ទប់ គោះទ្វារស្រែកហៅ តែមិនមានសំលេងតបដាក់គន្លឹះពីក្នុងជាប់ ទើបខ្លួនទាញបង្អួចរហូតរបើក ស្រាប់តែឃើញក្មួយស្រីដេកស្លាប់នៅក្នុងបន្ទប់ឡើងហើមទៅហើយ នៅក្បែរនឹងសាកសពក្មួយស្រី ឃើញមានសាកសពមនុស្សប្រុសម្នាក់ទៀតដែលខ្លួនមិនដែលស្គាល់នោះឡើយ។

ក្រោយពិនិត្យកន្លែងកើតហេតុ និងសាកសពរួចរាល់ សមត្ថកិច្ចបានប្រគល់សពស្ដ្រីខាងលើជូនទៅក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ដោយឡែកសាកសពបុរសនោះ ដម្កល់នៅវត្តស្ទឹងមានជ័យ៕