(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ បាននាំយកពូជស្រូវស្រាលមិនប្រកាន់រដូវ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំនួន ១៣,៣០០គីឡូក្រាម បាននាំមកចែកជូនប្រជាពលរដ្ឋចំនួន ២០៤គ្រួសារ មកពី៣ឃុំ ដែលមានផ្ទៃដីទទួលរងផលប៉ះពាល់ខូចខាតទាំងស្រុងដោយសារទឹកជំនន់ចំនួន១២៦ហិកតា ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។

នាឱកាសនោះដែរ លោកអភិបាលខេត្តកំពង់ធំ បានឱ្យដឹងថា មកដល់ពេលនេះ នៅក្នុងស្រុកស្ទោង ក្រុមការងារបានចែកជូនពូជស្រូវស្រាលរបស់សម្តេចតេជោ ហ៊ុន សែន បានចំនួន៣លើកហើយ ដែលការចែកពូជស្រូវស្រាលនេះ ទៅតាមគោលការណ៍របស់សម្តេចតេជោ ចែកឱ្យចំគោលដៅ និងតាមទំហំនៃការខូចខាត។

លើសពីនេះទៀត លោក ងួន រតនៈ បានថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំរដ្ឋបាលស្រុកស្ទោងគ្រប់លំដាប់ថ្នាក់ នាពេលកន្លងមក បានខិតខំយកចិត្តទុកដាក់ណាស់មួយនឹងការគ្រប់គ្រងស្ថានភាពទឹកជំនន់ក៏ដូចជាការគិតគូរអំពីបញ្ហាជីវភាពប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ក្នុងកំឡុងពេលទឹកជំនន់ ដោយបានខិតខំគៀងគរ និងស្វែងរកជំនួយពីសប្បុរសជននានា មាន ជាសម្ភារៈ និងថវិកា សម្រាប់ចែកជូនប្រជាពលរដ្ឋបានជាច្រើនគ្រួសារ នៅក្នុងស្រុកស្ទោង ដែលរងផលប៉ះពាល់ទឹកជំនន់ ចូលរួមការចែករំលែកការលំបាកជាមួយរាជរដ្ឋាភិបាល។

លោក ងួន រតនៈ បានបន្ថែមទៀតថា គ្រោះមហន្តរាយទឹកជំនន់នេះ គឺជាភារកិច្ចរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងការចុះជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺជាទុក្ខលំបាក់របស់ថ្នាក់ដឹកនាំ។

អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលគ្រប់អាយុសូមអញ្ជើញទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឱ្យបានគ្រប់គ្នា ដើម្បីខ្លួនក្រុមគ្រួសារ និងសង្គមជាតិ និងប្រជាពលរដ្ឋដែលគ្រប់អាយុចុះឈ្មោះបោះឆ្នោត អ្នកមិនទាន់បានចុះឈ្មោះបោះឆ្នោត និងអ្នកចង់ប្ដូរទីកន្លែងបោះឆ្នោត សូមអញ្ជើញទៅជួបគណៈកម្មការរៀបចំការចុះឈ្មោះបោះឆ្នោត នៅតាមបណ្ដាឃុំសង្កាត់ចាប់ពីថ្ងៃទី២០ ខែតុលាខាងមុខនេះ ដើម្បីមានឱកាសបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំប្រទេស ដើម្បីជាម្លប់ដឹកនាំប្រទេសជាតិឱ្យមានការរីកចម្រើន រក្សាសន្តិភាពបន្តទៀត។