(សៀមរាប)៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ ក្រុមការងារ នៃក្រសួងផែនការ កំពុងមមាញឹកបន្ដធ្វើប័ណ្ណសមធម៌ដំណាក់កាលទី២ ដល់ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្ដ ចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី និងភូមិពាក់ស្នែង ស្រុកអង្គរធំ ខេត្ដសៀមរាប។ យុទ្ធនាការជំហានទី២នេះ ធ្វើឡើងនៅខាងមុខអង្គរវត្ដ ចាប់ពីថ្ងៃទី១៧ ខែតុលា រហូតដល់គ្រប់ចំនួនប្រជាពលរដ្ឋដែលត្រូវផ្ដល់ប័ណ្ណសមធម៌។

លោក ថេង​ បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកដ្ឋានផែនការ និងជាប្រធានក្រុមការងារធ្វើប័ណ្ណសមធម៌ បានឲ្យដឹងថា ការផ្ដល់ប័ណ្ណសមធម៌ដំណាក់កាលទី២ មានចំនួន៤,៧៩៣គ្រួសារ ក្នុងនោះប្រជាពលរដ្ឋស្ម័គ្រចិត្ដ ទៅភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ចំនួន១,៨៥៣គ្រួសារ និងនៅភូមិពាក់ស្នែង ស្រុកអង្គរធំ មានចំនួន២,៧៩០គ្រួសារ។

លោកបានបន្ដថា យុទ្ធនាការបានរៀបចំជាប្រព័ន្ធ ដោយមានមន្ដ្រីបំពេញការងារ ចំនួន៦០នាក់ គឺលឿនរហ័សមិនឲ្យប្រជាពលរដ្ឋរងចាំយូរ ដោយផ្ដល់ឱកាសឲ្យពួកគាត់ចូលសម្ភាសម្ដងចំនួន៣០គ្រួសារ នឹងទទួលបានប័ណ្ណសមធម៌ភ្លាម។ ជាពិសេសទៀតនោះ ពួកគាត់ក្រោយពីទទួលបានប័ណ្ណសមធម៌ហើយ អាចចុះបញ្ជីទទួលលេខកូដសម្រាប់បើកប្រាក់នៅបញ្ជរវីងនៅជិតៗ ទីនេះភ្លាម។

ប្រធានក្រុមការងារធ្វើប័ណ្ណសមធម៌ បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលមានប័ណ្ណក្រីក្រ២ ត្រូវប្ដូរជាប័ណ្ណក្រីក្រប្រភេទម១វិញ ដែលប័ណ្ណនេះមានរយៈពេល១០ឆ្នាំ ប៉ុន្ដែមានសុពលភាព៣ឆ្នាំត្រូវផ្លាស់ប្ដូរម្ដង។ ចំណែកការផ្ដល់ទឹកប្រាក់សម្រេចលើរាជរដ្ឋាភិបាលចាត់ចែង។ ប្រជាពលរដ្ឋដែលត្រូវមកធ្វើប័ណ្ណសមធម៌ ត្រូវនាំយកមកជាប់ខ្លួននូវឯកសារចាំបាច់មួយចំនួន ដូចជាសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ បង្កាន់ដៃទីតាំងដីឡូតិ៍ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។

សូមបញ្ជាក់ថា ក្រសួងផែនការ បើកយុទ្ធនាការកំណត់ និងផ្ដល់ប័ណ្ណសមធម៌ ជូនប្រជាពលរដ្ឋនៅតំបន់អង្គរដល់ពលរដ្ឋស្ម័គ្រចិត្តទៅរស់នៅភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ខេត្ដសៀមរាប លើកទី១ មានប្រជាពលរដ្ឋទៅទទួលប័ណ្ណសមធម៌ ចំនួន៤,២២៩គ្រួសារ និងយុទ្ធនាការលើកទី២ មានប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្ដ ប្ដូរទីលំនៅទៅទាំងពីរទីតាំងនេះ ពួកគាត់បានទទួលប័ណ្ណសមធម៌ ចំនួន៤,៧៩៣គ្រួសារ ដែលមកដល់ពេលនេះ ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្ដចាកចេញមាត់ស្ទឹង តំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅភូមិពាក់ស្នែង និងទៅរស់នៅរុនតាឯកថ្មីៗ និងកាលពី២ឆ្នាំមុន បានទទួលប័ណ្ណសមធម៌ប្រមាណជិត១ម៉ឺនគ្រួសារ៕