(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ សូមប្រឆាំងដាច់ខាត និងថ្កោលទោសដាច់អហង្ការចំពោះសម្ដីរបស់ទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ៣ជំនាន់ ប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ ដែលបានចេញសេចក្ដីថ្លែងការណ៍ និងគម្រោងថ្មី តាមរយៈឃ្លីបវីដេអូនា ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលឆ្នាំ២០២៣ និងបានញុះញង់កងកម្លាំងប្រដាប់អាវុធ ឱ្យធ្វើការបះបោរ ព្រមទាំងបានប្រមាថដោយអសីលធម៌ចំពោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលជាស្ថាបនិកសន្តិភាព និងជាទីគោរពស្រលាញ់របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។

តាមរយៈញ្ញត្តិថ្កោលទោស ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា កងទ័ព បានត្រៀមខ្លួនរួចជាស្រេចដើម្បីកម្ទេចចោលភ្លាមទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ៣ជំនាន់ និងបក្សពួក ដែលចង់ធ្វើបដិវត្តពណ៍ បំផុសបំផុល បង្កចលាចលក្នុងសង្គម និងមានចេតនាបំផ្លាញសន្តិភាព ដែលរកបានមកដោយលំបាក។

ក្នុងនាមជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ប្តេជ្ញាដាច់ខាតការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារ គាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី បន្តវេននាពេលអនាគត និងការពារឱ្យខានតែបាននូវសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ។

យើងខ្ញុំទាំងអស់គ្នា សូមស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួនភ្លាមទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាម ជាពូជក្បត់ជាតិ៣ជំនាន់និងបក្សពួក បើក្រុមនេះជាន់ដីកម្ពុជា និងស្នើឱ្យតុលាការចាត់វិធានការច្បាប់ឱ្យបានធ្ងន់ធ្ងរបំផុត ដោយគ្មានការលើកលែងនោះឡើយ៕