(ភ្នំពេញ)៖ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទូទាំងបញ្ជាការដ្ឋានកងទ័ពអាកាស បានប្រកាសកម្ទេសមេឧទ្ទាម សម រង្ស៉ី ត្រកូលក្បត់ជាតិ៣ជំនាន់ និងបក្ខពួក ចំពោះចេតនាដ៏ទុច្ចរិតរបស់ពួកគេប៉ុនប៉ងធ្វើបដិវត្តពណ៌បំផ្លាញជាតិខ្មែរ។

ការប្រកាសដាច់ណាត់កម្ចាត់មេឧទ្ទាមត្រកូលក្បត់ជាតិ៣ជំនាន់ ពីសំណាក់កងទ័ពអាកាស កើតមានឡើងបន្ទាប់ពីក្រុមឧទ្ទាមក្រៅច្បាប់នេះ កំពុងធ្វើចលនាបំផុសបំផុលផ្តួលរំលំរាជរដ្ឋាភិបាលនៅឆ្នាំ២០២៣។

ក្នុងញត្តិថ្កោលទោសធ្វើឡើងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទូទាំងបញ្ជាការដ្ឋានកងទ័ពអាកាស ប្រកាសប្រឆាំងដាច់ខាត និងថ្កោលទោសដាច់អហង្កាចំពោះសម្ដី និងទង្វើរបស់ទណ្ឌិត សម រង្ស៉ី ដែលប្រកាសញុះញង់កងកម្លាំងប្រដាប់អាវុធឱ្យធ្វើការបះបោរ ព្រមទាំងបានប្រមាថដោយអសីលធម៌ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលជាស្ថាបនិកសន្តិភាព និងជាទីគោរពស្រលាញ់របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។

ក្នុងញត្តិថ្កោលទោស បានគូសរំលេចថា «កងយុទ្ធពលខេមរភូមិន្ទ ត្រៀមខ្លួនរួចជាស្រេចដើម្បីកម្ទេចចោលភ្លាមទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ៣ជំនាន់ និងបក្ខពួក ដែលចង់ធ្វើបដិវត្តពណ៌ បំផុសបំផុល បង្កចលាចលក្នុងសង្គម និងមានចេតនាបំផ្លាញសន្តិភាព ដែលរកបានមកដោយលំបាក»។

ញត្តិបន្ថែមថា «កងយុទ្ធពលខេមរភូមិន្ទ ប្តេជ្ញាដាច់ខាតការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារ គាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត និងការពារឱ្យខាងតែបាននូវសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ»

បញ្ជាការដ្ឋានកងទ័ពអាកាស ក៏បានស្នើសូមស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួន ទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ៣ជំនាន់ និងបក្ខពួក បើក្រុមនេះជាន់ដីកម្ពុជា និងស្នើឱ្យតុលាការចាត់វិធានការច្បាប់ឱ្យបានធ្ងន់ធ្ងរបំផុត ដោយគ្មានការលើកលែងនោះឡើយ៕