(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដាក់ចេញនូវវិធានការចំនួន៤ចំណុច ដល់អាជ្ញាធរមូលដ្ឋាន ដើម្បីបន្តចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ឱ្យទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត ជាពិសេស គឺការបង្ក្រាបល្បែងស៉ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន។

ការដាក់ចេញនូវវិធានការបែបនេះ របស់លោកអភិបាលខណ្ឌច្បារអំពៅ បានធ្វើឡើងនៅទី១៧ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសលោកបានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធខណ្ឌ លោក លោកស្រី ប្រធានការិយាល័យ ចៅសង្កាត់​ លោកមេប៉ុស្តិ៍​ និងស្មៀនសង្កាត់ទាំង៨។

វិធានការទាំង៤ចំណុច នេះរួមមាន៖

ទី១៖ ត្រូវរួមគ្នាខិតខំប្រឹងប្រែងអនុវត្តគោលនយោបាយភូមិសង្កាត់ មានសុវត្ថិភាពឱ្យមានប្រសិទ្ធភាព ជាពិសេសត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ នូវខ្លឹមសារគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ដល់ប្រជាពលរដ្ឋបានយល់ដឹង និងជំរុញឱ្យប្រជាពលរដ្ឋចូលរួមជាមួយអាជ្ញាធរខណ្ឌ-សង្កាត់ ដើម្បីរួមគ្នាអនុវត្តឱ្យទទួលបានលទ្ធផលល្អ និងត្រូវរួមគ្នាអនុវត្តបទបញ្ជា ខ្ពង់ខ្ពស់របស់សម្តេចតេជោ ឱ្យបានម៉ឺងម៉ាត់បំផុត ក្នុងការលប់បំបាត់ល្បែងស៉ីសង ល្បែងតាមអនឡាញគ្រប់ប្រភេទ និងចុះត្រួតពិនិត្យទីតាំងទទួលបញ្ចាំគ្រប់កន្លែងទាំងអស់ នៅក្នុងមូលដ្ឋានខណ្ឌ និងសង្កាត់។ ការងារសន្តិសុខនេះជាកត្តាសំខាន់ណាស់ដែលមិនអាចខ្វះបាន ហើយមនុស្សគ្រប់គ្នា គ្រប់ស្រទាប់វណ្ណៈ មិនថាអ្នកមាន ឬអ្នកក្រនោះទេ គឺចង់បានមូលដ្ឋានមានសន្តិសុខល្អ រស់នៅក្នុងភាពសុដមរម្យនា។

ទី២៖ ដើម្បីលើកកម្ពស់សោភ័ណភាពមូលដ្ឋានខណ្ឌ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងសង្កាត់ ត្រូវរួមគ្នាខិតខំអនុវត្តអោយមានប្រសិទ្ធភាពក្នុងចុះការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរថែមទៀត ដោយអនុវត្តតាមស្មារតីនៃសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌច្បារអំពៅ និងកិច្ចសន្យាជាមួយម្ចាស់ផ្ទះដែលបានធ្វើជាមួយអាជ្ញាធ ជាពិសេសផ្លូវលេខ៣៦៩ ចាប់ពីគល់ស្ពានព្រះមុនីវង្ស ទៅដល់ព្រំប្រទល់ខេត្តកណ្តាល ចាប់ពីគល់ស្ពានព្រះមុនីវង្សទៅដល់តំបន់ច្រាំងបាក់ និងតាបណ្តោយផ្លូវជាតិលេខ១ ទៅដល់ព្រំប្រទល់ស្រុកកៀនស្វាយ ។

ទី៣៖ ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយដើម្បីជំរុញឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឱ្យបានគ្រប់គ្នាៗតាំងពីដុសមូលដ្ឋាននិងដុសជំរុញ ព្រោះជំងឺឆ្លងកូវីដ១៩នេះ មិនទាន់សាបរលាបទេ បងប្អូនអាចភ្លេចជំងឺកូវីដ១៩ តែជំងឺកូវីដ១៩ អត់ភ្លេចបងប្អូនទេ មួយផ្នែកទៀតត្រូវណែនាំឱ្យប្រជាពលរដ្ឋអនុវត្តជាប្រចាំតាមអនុសាសន៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ គឺ «៣កុំ ៣ការពារ»

ទី៤៖ ត្រូវចុះត្រួតពិនិត្យជនបរទេស ដែលចូលមកស្នាក់នៅក្នុងមូលដ្ឋានសង្កាត់នីមួយៗ ជាពិសេសនៅក្នុងបុរីទាំងអស់ ដោយសហការជាមួយខាងបុរី ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ និងជនបរទេសស្របច្បាប។ មួយផ្នែកទៀត ត្រូវផ្លាស់ប្តូរវេនគ្នាប្រចាំការ និងចុះល្បាតតាមមូលដ្ឋាននៅតំបន់ស្មុគ្រស្មាញ។

ជាមួយគ្នានេះដែរ លោកអភិបាលបានណែនាំបន្ថែមដល់អាជ្ញាធរសង្កាត់ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋពីបញ្ហសំរាម ត្រូវវេចខ្ចប់ទុកដាក់ នៅតាមទីតាំងដែលបានកំណត់ងាយស្រួលដល់ក្រុមហ៊ុនមកប្រមូលដាក់រថយន្ត ប្រសិនបើក្រុមហ៊ុនប្រមូលសំរាមមានការយឺតយ៉ាវ ត្រូវសួរនាំពីមូលហេតុឱ្យបានច្បាស់៕