(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានបញ្ជាក់ឲ្យដឹងថា ការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ-សង្កាត់ នឹងចាប់ផ្តើម នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ។ ចំណែកការបញ្ចប់ការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ នៅត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

នេះបើយោងតាមប្រតិទិននៃការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៦ ដែលរៀបចំដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ផ្សព្វផ្សាយឲ្យដឹង កាលពីពេលថ្មីៗនេះ។

សូមជំរាបថា កាលពីពេលថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្រេចកំណត់យកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ជាកាលបរិច្ឆេទ សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់។ តាមសម្តេចតេជោ ហ៊ុន សែន ការប្រកាសបង្ហាញកាលបរិច្ឆេទនេះ ក៏ជួយក្រសួងមហាផ្ទៃ ខិតខំពន្លឿនការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិ ខ្មែរជូនប្រជាពលរដ្ឋ ដែលនៅសេសសល់ប្រមាណ២លាននាក់ទៀត។ សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឲ្យប្រជាពលរដ្ឋ ទៅធ្វើអត្តសញ្ញាណប័ណ្ណ និងទៅចុះបញ្ជីឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ដើម្បីចូលរួមបោះឆ្នោតនៅថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ៕