(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា បានដឹកនាំគណៈប្រតិភូក្រសួងយុត្តិធម៌ចំនួន៩នាក់ផ្សេងទៀត ចូលទៅបំភ្លឺជូនរដ្ឋសភា អំពីការអនុវត្តច្បាប់នៅកម្ពុជានាព្រឹកថ្ងៃនេះ, ប៉ុន្តែលោករដ្ឋមន្រ្តី បានសម្តែងការហួសចិត្តនឹងគណបក្សសង្គ្រោះជាតិ ដែលមិនគោរពខ្លួនឯង និងរដ្ឋសភាទាំងមូល ព្រោះគណបក្សនេះបានដាក់សំណួរឲ្យរូបលោកឆ្លើយ ប៉ុន្តែបែរជាគណបក្សសង្គ្រោះជាតិខ្លួនឯង មិនចូលរួមកិច្ចប្រជុំនេះទៅវិញ។

លោករដ្ឋមន្រ្តី​ អង្គ វង្សវឌ្ឍានា បានបន្ថែមទៀតថា គណបក្សសង្គ្រោះជាតិ គ្មានការទទួលខុសត្រូវ។

សូមជំរាបថា នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦នេះ រដ្ឋសភាកម្ពុជា បានបញ្ចប់កិច្ចប្រជុំពេញអង្គរបស់ខ្លួន ក្រោមអធិបតីភាព សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា នៅម៉ោងប្រមាណ៩៖១៥នាទីព្រឹកថ្ងៃដដែលនេះ។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រុមតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ តាមរយៈសម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានស្នើឱ្យ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ចូលបំភ្លឺផ្ទាល់មាត់ នៅរដ្ឋសភា ជុំវិញបញ្ហាមួយចំនួន ក្នុងការអនុវត្តការងារ។ ការស្នើឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ចូលបំភ្លឺនៅសភានេះ បានធ្វើឡើងស្របពេលដែល មានការកោះហៅតំណាងរាស្រ្ត និងការចាប់ខ្លួនសមាជិកគណបក្សប្រឆាំង៕