(ប៉ៃលិន)៖ ក្រុមការងាររបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៨ ខែមិថុនានេះ បាននាំយកប្រដាប់ប្រដាសិក្សា ទៅចែកសិស្សានុសិស្ស នៅថ្នាក់មត្តេយ្យ និងបឋមសិក្សា នៅក្នុងខេត្តប៉ៃលិន។

លោក វេង សុធី អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម តំណាងលោក ប៉ាន សូរស័ក្កិ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តប៉ៃលិនបានថ្លែងថា ក្រុមការងារតែងតែចុះមកសួរសុខទុក្ខ និងការចែកអំណោយ ដល់ពលរដ្ឋ ដោយមិនប្រកាន់ពណ៌សម្បុរ និន្នាការនយោបាយអ្វីនោះឡើយ ឲ្យតែប្រជាពលរដ្ឋខែ្មរ។

ជាក់ស្តែងថ្ងៃនេះ ក្រុមការងារបាននាំយកមូលនិធិរបស់ លោក ប៉ាន សូរស័ក្កិ បាននាំយកអំណោយរួមមាន៖ សៀវភៅ ប៊ិច ខ្មៅដៃ នំ និងថវិកាមួយចំនួន ចែកជូនដល់ក្មួយៗសិស្សានុសិស្ស ថ្នាក់មត្តេយ្យ និងបឋមសិក្សា សម្តេចក្រឡាហោម ស ខេង ចំនួន៤១៨នាក់ និងលោកគ្រូអ្នកគ្រូ១៩នាក់។

ក្នុងនោះក្រុមការងារមូលនិធិលោក ប៉ាន សូរស័ក្តិ បាននាំមកនូវការសាកសួរសុខទុក្ខ និងការផ្តាំផ្ញើឲ្យក្មួយៗ ខិតខំសិក្សារៀនសូត្រ ព្រោះចំណេះដឹងសំខាន់ណាស់ ហើយត្រូវធ្វើខ្លួនឲ្យក្លាយជាសិស្សគំរូ និងប្រជាពលរដ្ឋល្អ ជាលើកស្ទួយក្នុងការងារបំរើសង្គម ប្រទេសជាតិ ការសិក្សាគឺធ្វើឲ្យក្មួយៗ ឆ្ពោះឈានរកជោគជ័យក្នុងការងារ៕