(ពោធិ៍សាត់)៖ បុរសម្នាក់ ត្រូវជនសង្ស័យ៣នាក់ កាប់នឹងដាវសាំម៉ូរៃ បណ្ដាល​ឱ្យធ្លាយ​ពោះវៀនចេញមកក្រៅ ក្រោយពីបានឈ្លោះ​ប្រកែកគ្នា ដោយសារខឹងនឹងជនបង្ក បង្ខំឱ្យកូនប្រុសរបស់ខ្លួន អាយុ៦ឆ្នាំ ផឹកទឹកក្នុងដបដែលសល់ពីជក់ថ្នាំញៀន។

ករណីដ៏ព្រឺព្រួចនេះ បានកើតឡើង កាលពីវេលាម៉ោង១១៖៣០នាទី យប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ នៅភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

មន្រ្តីនគរបាលបានឱ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ វ៉ាន់ ចាន់រី ហៅពឿន អាយុ៣២ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ ត្រូវរងរបួសត្រង់ប្រអប់ដៃខាងឆ្វេង១កន្លែង និងរយះកំពែងទឹកខាងស្តាំ ចេញពោះវៀនមកក្រៅ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យខេត្តពោធិ៍សាត់។ ចំណែកឯជនសង្ស័យទាំង៣នាក់ មានឈ្មោះ ទី១.ឈ្លោះ មាក លី ហៅឃ្លី អាយុ២៩ឆ្នាំ   ទី២.ឈ្មោះ ញ៉ាក់ រួន អាយុ២៣ឆ្នាំ  និងទី៣.ឈ្មោះ បាន ចាន់ថន អាយុ២១ឆ្នាំ អ្នកទាំងអស់នេះ រស់នៅភូមិអូរបាក់ត្រា ឃុំព្រងិល។

ក្រោយពីបានបង្កអំពើហិង្សារួច បក្សពួកជនដៃដល់បានរត់គេចខ្លួនអស់។ បច្ចុប្បន្ន សមត្ថកិច្ចមូលដ្ឋាន បាននិងកំពុងស្រាវជ្រាវ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីសុំដីការចាត់ការបន្ត៕