(ភ្នំពេញ)៖ លោក​ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បាន​ស្នើ​ឲ្យ​ធនាគារពិភពលោក ពិនិត្យ​លទ្ធភាព​ផ្តល់​ការគាំទ្រ ដល់​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ ដល់​ប្រជាពលរដ្ឋ​នៅតាម​ជនបទ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ជនបទឲ្យ​មានលទ្ធភាព​បង្កើត​មុខរបរ និង​អាច​រក​ការងារ​ធ្វើ​សមស្រប សម្រាប់​ជួយ​លើកកម្ពស់​ជីវភាព ​រស់​នៅ​របស់​ពួកគាត់​ឲ្យ​មាន​ភាពល្អប្រសើរ និង​ឈានទៅកាត់បន្ថយ​បាន​នូវ​ការធ្វើ​ចំណាកស្រុក។

ការស្នើរបស់លោក​បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារ ជាមួយលោក Alassane Sow នាយក​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា នៅថ្ងៃទី០៨ ខែមិថុនានេះ នាទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។

ក្នុងឱកាសនោះ លោក​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការស្វាគមន៍ ​យ៉ាង​កក់ក្តៅ​ជូន​ចំពោះ​លោកនាយក និង​គណៈប្រតិភូ​រួម​ដំណើរ ព្រមទាំង​បាន​សម្តែង​នូវ​ការ​អរគុណ ​ចំពោះ​ធនាគារពិភពលោក ដែលជា​ដៃគូរ​អភិវឌ្ឍន៍​ដ៏​សំខាន់​របស់​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ និង​ការផ្គត់ផ្គង់​ទឹក និង​អនាម័យ​ជនបទ។

នៅក្នុង​ជំនួប​នេះ លោក Alassane បាន​សម្តែង​នូវ​ការ​អរគុណ​ចំពោះ លោក​រដ្ឋមន្ត្រី ក៍​ដូចជា​មន្ត្រីរាជការ ​ក្រសួង​អភិវឌ្ឍន៍ជនបទ ដែល​បានផ្តល់​កិច្ចសហប្រតិបត្តិការ​ល្អ ដល់​ធនាគារពិភពលោក និង​បាន​ជម្រាបជូន លោក​រដ្ឋមន្ត្រី ពី​ដំណើរ​នៃ​ការរៀបចំ​គម្រោង​អន្តរ​វិស័យស្តីពី «ការគ្រប់គ្រង​ហានិភ័យ​គ្រោះមហន្តរាយ​នៅ​កម្ពុជា» ដែលជា​គម្រោង​មួយ​ត្រូវ​បានផ្តួចផ្តើមឡើង ដោយ​ផ្អែកទៅលើ​ភាពជោគជ័យ​នៃ​ការ​អ​និវត្ត​គម្រោង​កេសា​ណា នាពេល​កន្លងមក​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា។

លោកបញ្ជាក់ថា នៅក្នុង​គម្រោង​ថ្មី​នេះ ក្រសួង​អភិវឌ្ឍន៍ជនបទ នឹង​ទទួលបន្ទុក​លើ​ផ្នែក​អភិវឌ្ឍន៍​ផ្លូវ​ជនបទ ខណៈដែល​ក្រសួងស្ថាប័ន ​ពាក់ព័ន្ធ​ផ្សេងទៀត ​ទទួលបន្ទុក​លើ​ផ្នែក ទៅតាម​ជំនាញ​របស់ខ្លួនរាងៗខ្លួន​។ ​គម្រោង​នេះ​បានរៀបចំ​ជា​ទស្សនទាន និង​យុទ្ធសាស្ត្រ​រួចរាល់​ហើយ នៅ​ចាំតែ​ការអនុម័ត ​ពី​ក្រុមប្រឹក្សាភិបាល​របស់​ធនា​គារ​ពិភពលោក នៅពេល​ខាងមុខឆាប់ៗនេះ។ នៅក្នុង​ឱកាស​នេះដែរ លោក Alassane បាន​ណែនាំ លោកស្រី Inguna Dobraja ដែល​នឹង​ក្លាយជា​នាយ​កា​ថ្មី ​នៃ​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា នៅ​ចុងខែ​កក្កដា​ខាងមុខនេះ ដោយសារ​លោក Alassane ត្រូវ​ចូល​និ​វត្សរ៍ ជូន​ដល់លោក​រដ្ឋមន្ត្រី បាន​ស្គាល់​ផងដែរ ។

លោក​បណ្ឌិត​រដ្ឋមន្ត្រី ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ សម្តេច​​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការ​សាទរ និង​សេចក្តី​សប្បាយរីករាយ​ចំពោះ ធនាគារ​ពិ​ភព​លោក ដែល​បានផ្តល់​ការគាំទ្រ​ដល់​កម្ពុជា ក្នុងការ​អនុវត្ត​យុទ្ធសាស្ត្រ​កាត់បន្ថយ​ភាពក្រីក្រ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ឲ្យ​បាន​ជោគជ័យ។

លោកបញ្ជាក់ថា ក្រសួង​អភិវឌ្ឍន៍ជនបទ ដែលជា​ស្ថាន​ប័ន​សំខាន់​មួយ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅក្នុងការ​ទទួលខុសត្រូវ​លើក ​ការងារ​អភិវឌ្ឍន៍ជនបទ បាន​ត្រៀមខ្លួន​រួចជាស្រេច ក្នុង​ការបន្ត​កិច្ចសហប្រតិបត្តិការ​ល្អ ជាមួយ​ធនាគារពិភពលោក៕