(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្ដិ៍ឫស្សីកែវ សហការជាមួយកម្លាំងនគរបាល ព្រហ្មទណ្ឌខណ្ឌឫស្សីកែវ បានស្រាវជ្រាវដោយអនុវត្តតាមដីកាបង្គាប់របស់លោក សែម សក្កកូឡា ចៅក្រមសាលា​ដំបូងរាជ​ធានីភ្នំពេញ បានបើកប្រតិបត្តិការ ចាប់វាយខ្នោះយុវជនម្នាក់ភ្លាមៗ ដោយចោទប្រកាន់ពីបទហិង្សាដោយចេតនា ដែលជននេះបានប្រព្រឹត្តកាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០១១កន្លងទៅ នៅចំណុចផ្លូវរថភ្លើង ក្រុមទី៣ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

ក្នុងកិច្ចប្រតិបត្តិការចាប់ខ្លួន ជនត្រូវជាប់ចោទពីបទហិង្សាដោយចេតនានេះដែរ ត្រូវបានធ្វើឡើងនៅវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចផ្លូវរថភ្លើង ក្រុមទី៣ ភូមិបឹង​សាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។ យោតាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនជាប់ចោទឈ្មោះ ស៊ឹម វឌ្ឍនៈ ត្រូវបានសាលាដំបូង​រាជធានី​ភ្នំពេញ​ជំនុំជម្រះកាលពីថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៣ និងប្រកាសសាលក្រមនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៣ ដោយសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ កំណត់ចំនួន១៨ខែ (ដប់ប្រាំបីខែ)​ពីបទហិង្សា​ដោយ​ចេតនា និងបទល្មើសដែលមានបញ្ញត្តិឲ្យផ្ដន្ទាទោសតាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា និងចំណុចទី៣ចេញដីកាបង្គាប់ឲ្យចាប់ខ្លួនតាមនីតិវិធីមាត្រា៣៥៣ នៃក្រម​ព្រហ្មទណ្ឌ។ លោក ម៉ៅ ចាន់ថុន នាយរងផ្នែកនគរបាលយុត្តិធម៌ ខណ្ឌឫស្សីកែវ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ក្រោយ ទទួលបានដីកាបង្គាប់ឲ្យចាប់ខ្លួនពីលោក សែម សក្កកូឡា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងនគរបាលមូលដ្ឋានខណ្ឌឫស្សីកែវ បានបន្តសហការស្រាវជ្រាវស្វែងរកចាប់ខ្លួន ជនត្រូវជាប់ចោទពីបទហិង្សា​ដោយចេតនា ដែលបានរត់គេចខ្លួន​ជាច្រើនខែឆ្នាំ​មកហើយនោះបានសម្រេច។ ដូចពាក្យចាស់បូរាណពោលថា មានតែកុកទេ ដែលភ្លេចជុង ប៉ុន្តែជុងពុំដែលភ្លេចកុកឡើយ ខណៈជនត្រូវ​ចោទត្រឡប់មកវិញភ្លេចខ្លួន ក៏ត្រូវបានកម្លាំង​សមត្ថកិច្ចប៉ុស្ដិ៍​ឫស្សីកែវ និងខណ្ឌចាប់ក្របួចវាយខ្នោះតែម្ដង។

លោក ម៉ៅ ចាន់ថុន បានបញ្ជាក់ថា ជនត្រូវចាប់ខ្លួនជាប់ ចោទពីបទហិង្សាដោយចេតនាឈ្មោះ ស៊ឹម វឌ្ឍនៈ ហៅណាក់ ភេទប្រុស អាយុ២៤ឆ្នាំ មានមុខរបរជាកម្មករ ស្នាក់នៅ ផ្ទះជួល ផ្លូវរថភ្លើង ក្រុមទី៤ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។ លោក ម៉ៅ ចាន់ថុន បានបញ្ជាក់ទៀតថា ក្រោយចាប់ខ្លួន ជនត្រូវចោទរូបនេះ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ ធ្វើការបញ្ជូនខ្លួនទៅកាន់​ចៅក្រមសាលាដំបូង​រាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕