(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌសែនសុខ បានឃាត់ខ្លូនជនសង្ស័យសរុប៦នាក់ ក្នុងនោះ២នាក់ជាមេទទួលផលចោរកម្ម និង៤នាក់ទៀត ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ព្រមទាំងដកហូត​បានម៉ូតូ១៧គ្រឿង ថ្នាំញៀនមួយកញ្ចប់ផងដែរនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦។

លោក ម៉ក់ ហុង អធិការនគរបាល ខណ្ឌសែនសុខ បានឱ្យដឹងថា កម្លាំងជំនាញរបស់លោក បានចុះធ្វើរដ្ឋបាល​ក្នុងមូលដ្ឋាន ក្រោយមកក៏បានឃាត់ខ្លួនជនសង្ស័យ៤នាក់ ដកហូតបានថ្នាំញៀន​១កញ្ចប់ លុយ១០ម៉ឺនរៀល។ ជនសង្ស័យទី១ ឈ្មោះ ឆេង លក្ខិណា អាយុ២៤ឆ្នាំ ទី២ ឈ្មោះ អ៊ុង ម៉ាល័យ អាយុ២៤ឆ្នាំ ទី៣ ឈ្មោះ សម្បត្តិ ជា អាយុ២៨ឆ្នាំ ទី៤ ឈ្មោះ រិត គន្ធា ភេទស្រី អាយុ២៧ឆ្នាំ ជនសង្ស័យទាំង៤ សា្នក់នៅភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ លោកអធិការបានបន្ដទៀតថា ដោយមានចម្លើយសារភាពរបស់ជនសង្ស័យ ទើបកម្លាំងរបស់លោក បានឈានដល់ការឃាត់​ខ្លួនបក្ខពួក២នាក់​បន្ថែមទៀត នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦នេះ ដែលក្នុងនោះជនសង្ស័យទី១ ឈ្មោះ អួច សុខចិត្តធារី ភេទស្រី អាយុ៤៣ឆ្នាំ ជាទទួលផលចោរកម្ម ទី២ ឈ្មោះ  សេក ថុល អាយុ៤៥ឆ្នាំ ជាអ្នកធានាផលចោរកម្ម បន្ទាប់ធ្វើការឃាត់ខ្លួន កម្លាំងសមត្ថកិច្ចបានដកហូតម៉ូតូ១៧គ្រឿងផងដែរ។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុរឿងចាត់ការតាមនីតិវិធី៕