(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជការយោធភូមិភាគ៣ តំណាងឲ្យនាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាអគ្គលេខាធិការគណៈអចិន្រ្តៃយ នៃគណៈកម្មាធិការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជានៅរសៀល ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៦នេះ បានប្រារព្ធពិធីទទួលស្គាល់ ប្រធានថ្មី នៃសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ស្ពឺ ដោយមានការ ចូលរួមពីលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ រួមទាំងមន្រ្តីរាជការមន្ទីរជុំវិញខេត្ត និងបងប្អូនអតីតយុទ្ធជន ផងដែរ។
លោកឧត្តមសេនីយ៍ទោ ឈឹម ប៊ុនធឿន ប្រធានចាស់ នៃសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ស្ពឺ ត្រូវបានផ្លាស់ទៅកាន់តួនាទី ជាបញ្ជាការរងយោធភូមិភាគ៣ ហើយតួនាទីប្រធានថ្មី នៃសមាគមអតីតយុទ្ធជននោះ ត្រូវបានផ្ទេរទៅឲ្យ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងអាវុធហត្ថខេត្តកំពង់ស្ពឺ។ មួយវិញទៀត លោក វ៉ី សំណាង ក៏ត្រូវបានតែងតាំងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជន ខេត្តផងដែរ។

លោកឧត្តមសេនីយ៍ឯក យឿង សុខុន បានឱ្យដឹងថា «តួនាទីនេះ ពិតជាមានសារៈសំខាន់ ដែលត្រូវបង្កើតឡើង ដើម្បីបំពេញបេសកម្ម ជួយការងារសមាគមអតីតយុទ្ធជនកម្ពុជា នៅទូទាំងប្រទេស ជាពិសេសបានបង្ហាញពី ការយកចិត្តទុកដាក់ ចំពោះយុទ្ធមិត្តជាអតីតយុទ្ធជន ដែលធ្លាប់បានតស៊ូ នៅក្នុងសមភូមិដ៏អង់អាចក្លាហាន បណ្តាលឲ្យមានការរងរបួស ពិការ និងបាត់បង់ជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ និងដើម្បីស្វែងរកសុខសន្តិភាពជូនប្រជាជន»។ លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា ជាការឆ្លើយតបនូវគុណបំណាច់និងផ្តល់ជំនឿ ទុកចិត្តរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ​បានបង្កើតឡើងសមាគម អតីតយុទ្ធជនកម្ពុជា ក្នុងគោលបំណងទ្រទ្រង់ ទាំងផ្នែកជីវភាព ទីជំរកស្នាក់នៅ ប្រាក់បៀវត្សន៍ ដល់យុទ្ធមិត្តដែលបានបាត់បង់កាយសម្បទា មិនអាចបំពេញកិច្ចការបន្តទៀតបាន។

លោក វ៉ី សំណាង បានលើកឡើងថា «ក្នុងនាមខ្ញុំជាប្រធានកិត្តយស និងខិតខំបន្ត ការប្រមូលផ្តុំចលនា កៀងគរកចំណូលមកជួយគាំទ្រ សមាគមន៍ ឲ្យមានភាពរលូន រីកចម្រើន ឲ្យបងប្អូនទទួលបានប្រាក់ជួយសង្គ្រោះ ទាន់ពេលវេលា»។ ឆ្លើយតបទៅនឹងភារកិច្ចនេះ លោកឧត្តមសេនីយ៍ត្រី ជូ សារុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្ត បានលើកឡើងដោយប្តេជ្ញាចិត្តថា លោកនឹងបន្តដឹកនាំ សមាគមន៍ ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងអនុវត្តតាមលក្ខន្តិកៈរបស់សមាគមន៍  ខិតខំពង្រឹងការអភិវឌ្ឍសមាគមន៍ឲ្យមានការ រីកចម្រើន និងដំណើរការមានភាពប្រសើរ។ លោកប្រធានសមាគមន៍ថ្មី បានបន្តថា «ខ្ញុំនឹងខិតខំគៀងគរ ស្វែងរកជំនួយឧបត្ថម្ភពី សប្បុរសជននានា ដើម្បីទ្រទ្រង់មូលនិធិសមាគមន៍យើង ហើយខិតខំដោះស្រាយប្រាក់បេឡាមរណៈ សង្គ្រោះជូនអតីតគ្រួសារយុទ្ធជន ឲ្យបានទាន់ពេលវេលា ដើម្បីរួមចំណែក ជួយប្រជាពលរដ្ឋ និងគ្រួសារអតីតយុទ្ធជន ក្នុងស្មារតីមនុស្សធម៌ ឲ្យស្របតាមយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋភិបាលកម្ពុជា»៕