(សៀមរាប)៖ ក្រសួងបរិស្ថាន បើកកិច្ចប្រជុំទ្វេភាគីជាមួយសហភាពអឺរ៉ុប លើគម្រោងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងបន្ស៊ាំការប្រែប្រួលអាកាសធាតុ។ សហភាពអឺរ៉ុប បានសម្តែងការសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា លើការចូលរួមដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា។

កិច្ចប្រជុំទ្វេភាគីរវាងក្រសួងបរិស្ថាន និងសហភាពអឺរ៉ុប ធ្វើឡើងនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ដោយមានការចូលរួមពីលោក ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន ខណៈប្រតិភូសហភាពអឺរ៉ុបដឹកនាំដោយអ្នកស្រី Astrid Schomaker ប្រធាននាយកដ្ឋានការទូតបៃតង និងកិច្ចការពហុភាគី។

លោក ទិន ពន្លក បានថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុប ដែលបានជួយគាំទ្រកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា នៃក្រសួងបរិស្ថាន សំដៅពង្រឹងសមត្ថភាពជាតិក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ តាមរយៈការរៀបចំគោលនយោបាយ យុទ្ធសាស្ត្រតាមវិស័យឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសការរៀបចំរបាយការណ៍ការចូលរួមចំណែករបស់ជាតិ ក្នុងការអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ និងយុទ្ធសាស្ត្រប្រកបដោយអព្យាក្រឹត្យកាបូនរយៈពេលវែង។

ទន្ទឹមនឹងនោះដែរ លោកក៏បានស្នើសុំសហភាពអឺរ៉ុប ជំរុញការវិនិយោគឯកជនលើបណ្តាគម្រោងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ក្នុងវិស័យអាទិភាពនានា ជាអាទិ៍ ថាមពលកកើតឡើងវិញ និងប្រសិទ្ធភាពថាមពល យានយន្តអគ្គិសនី កសិកម្មធន់នឹងការប្រែប្រួលអាកាសធាតុ អគារបៃតង រ៉េដបូក។ល។ ដែលជាបណ្តាគម្រោងអាចនឹងទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ក្រោមច្បាប់ស្តីពីការវិនិយោគថ្មី។

ក្នុងជំនួបនោះ ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ក្នុងក្របខ័ណ្ឌអាស៊ាន អឺរ៉ុប ក្នុងនាមជាដៃគូសន្ទនាផងដែរ៕