(កំពង់ធំ)៖ យុវតីម្នាក់ជាសិស្សសាលាអនុវិទ្យាល័យពាមគ្រែង ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានលង់ទឹកស្លាប់ ពេលកំពុងចុះលេងជាមួយមិត្តភ័ក្រ៣នាក់ផ្សេងទៀត នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២នេះ។

តាមរបាយការណ៍របស់លោក លៀង កែវ មេប៉ុស្តិ៍នគរបាលរដ្ឋបាលក្តីដូង បានបញ្ជាក់ថា ក្មេងលង់ទឹកស្លាប់ឈ្មោះ ចក់ កញ្ញា អាយុ១៦ឆ្នាំ រស់នៅភូមិកំពង់គោលើ ឃុំកំពង់គោ ជាសិស្សសាលាអនុវិទ្យាល័យពាមគ្រែង។ ទីតាំងកើតហេតុសិស្សសាលា បានមកលេងទឹកតាមផ្លូវទឹកជំនន់ហូរដាច់ (តំបន់កោះតាហែម) នៅភូមិអូរសំបួរ ឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ សរុបមានគ្នាចំនួន៤នាក់ ប៉ុន្ដែសង្គ្រោះទាន់ពេលបានចំនួន៣នាក់។

តាមការពិនិត្យសពរបស់សមត្ថកិច្ចរួចមក បានបញ្ជាក់ថា សពក្មេងស្រីនេះពិតជាលង់ទឹកពិតប្រាកដមែន ហើយសមត្ថកិច្ចក៏បានប្រគល់សពជូនគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា។

ជាមួយគ្នានេះ អាជ្ញាធរមានសមត្ថកិច្ច ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសែន សូមមេត្តាប្រុងប្រយ័ត្នចំពោះក្មេងតូចៗ ព្រោះទឹកស្ទឹងសែនកំពុងតែឡើង ដើម្បីការពារដល់អាយុជីវិតផងដែរ៕