(ភ្នំពេញ)៖ បុគ្គលិករបស់អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ចំនួន២៥៤រូប ត្រូវបានប្រកាសបញ្ចូលជាសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាពេញសិទ្ធិ នៅល្ងាចថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ នៅមន្ទីរគណបក្សរាជធានីភ្នំពេញ។

ក្នុងពិធីនោះ លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន ត្រូវបានតែងតាំងជាប្រធានសាខាគណបក្សអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន និងលោក សៅ ភិរុណ ជាអនុប្រធាន ដោយមានសមាជិក សមាជិកា សរុបចំនួន២៥៤រូប។

ថ្លែងក្នុងឱកាសនោះ លោក ឃួង ស្រេង បានលើកឡើងពីវីរៈភាពរបស់សម្ដេចតេជោ ហ៊ុន សែន ដោយសម្តេចមិនត្រឹមតែរំដោះប្រទេសជាតិចេញពីរបប ប៉ុល ពត និងការកសាងអភិវឌ្ឍន៍ប្រទេសឲ្យរីកច្រើនប៉ុណ្ណោះទេ សម្តេចនូវបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះអាយុជីវិតប្រជាពលរដ្ឋពីការរីករាលដាលពីជំងឺកូវីដ-១៩ ថែមទៀត។

លោកបន្ដថា ក្នុងពេលវិបត្តិកូវីដ១៩ ដោយសម្តេចបានដាក់ចេញនូវវិធានការបិទខ្ទប់រាជធានីភ្នំពេញ ជាមួយនឹងការស្រោចវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលបានធ្វើឲ្យជំងឺនេះបានថមថយ និងឈានទៅដល់ការបើកឲ្យដំណើរការសេដ្ឋកិច្ចប្រទេសជាប្រក្រតីឡើងវិញ។ វីរៈភាពទាំងនេះ បានធ្វើឲ្យប្រជាពលរដ្ឋមានទំនុកចិត្តយ៉ាងខ្លាំង រហូតបានសុំចូលជាសមាជិកបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់។

បើតាមលោក ឃួង ស្រេង ទាំងអស់នេះជាមោទនភាពរបស់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ដែលមានមេដឹកនាំបក្ស និងមេដឹកនាំប្រទេសមានគុណធម៌ល្អបែបនេះ។

លោកបន្ថែមទៀតថា ក្នុងនាមជាសមាជិក សមាជិកាបក្សប្រជាជនកម្ពុជា ត្រូវស្វែងយល់ពីលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្សឲ្យបានច្បាស់ និងមើលឃើញឲ្យបានច្បាស់ ពីវីរៈភាពរបស់មេគណបក្សប្រជាជនកម្ពុជា នោះគឺសម្តេចតេជោ ហ៊ុន សែន។ លោកបានស្នើឲ្យសមាជិក សមាជិកាបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវរួមគ្នាថែរក្សាសន្តិភាព ដែលរកមកដោយលំបាកនេះឲ្យនៅស្ថិតស្ថេរគង់វង្ស៕