(ភ្នំពេញ)៖ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២នេះ បានបន្តនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៤៤គ្រួសារ នៅសង្កាត់ពញ្ញាពន់។

នាឱកាសនេះដែរ លោក ធឹម សំអាន បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ឃួង ស្រេង ជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចប្រធានតែងតែបានគិតគូរ យកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ​ ជាតិ​សាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ពោល «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល»។​

លោកអភិបាលខណ្ឌ ក៏សូមឱ្យគ្រួសារទាំងអស់មេត្តាខិតខំថែរក្សាសុខភាព ដោយប្រកាន់ភ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ចូលរួមអនុវត្តវិធានការបង្ការ​ និងការពារខ្លួនពីជំងឺកូវីដ១៩​ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោកអភិបាលខណ្ឌ ក៏បានស្នើឱ្យសង្កាត់ទាំងអស់ ធ្វើបញ្ជីបច្ចុប្បន្នភាពប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចាសជរាគ្មានទីពឹង និងប្រជាពលរដ្ឋ ដែលងាយរងគ្រោះដោយសារខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ឬដោយរងគ្រោះដោយប្រការណាមួយត្រូវពិនិត្យ និងយកចិត្តទុដាក់ អោយបានច្បាស់លាស់ ដើម្បីឱ្យអនុសាខាកាកបាទក្រហមខណ្ឌព្រែកព្នៅ បន្តសកម្មភាពមនុស្សធម៌ ឱ្យដូចភ្លៀងរលឹម នៅក្នុងមូលដ្ឋាន។

អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនាំយកមកចែកជូនប្រជាពលរដ្ឋទាំង៤៤គ្រួសារនាពេលនេះរួមមាន៖ អង្ករចំនួន២៥គីឡូក្រាម, មី, ទឹកសុីអុីវ, ទឹកត្រី និងទឹកផ្លែឈើមួយចំនួនផងដែរ៕