(កំពង់ធំ)៖ អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ត្រូវបានយកទៅចែកជូនប្រជាពលរដ្ឋចំនួន៧៥០គ្រួសារ នៅស្រុកស្ទោង និងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង តាមរយៈលោក វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាន នៃគណកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២នេះ។

ថ្លែងក្នុងឱកាសនោះ លោក វង់ សណ្តាប់ បាននាំផ្តាំសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្ដេចទាំងពីរតែងយកចិត្តទុក្ខដាក់ដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងបានថ្លែងអំណរគុណអាជ្ញាធរខេត្ត អាជ្ញាធតស្រុក ដែលបានខិតខំកៀរគរសប្បុរសជននានា មានស្បៀង និងមធ្យោបាយផ្សេងៗក្នុងការគ្រប់គ្រងទឹកជំនន់នាពេលកន្លងមក។

លោកបានបន្តថា ទីណាមានទុក្ខលំបាកទីនោះមានថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលតែងតែចុះជួយយកចិត្តទុកដាក់ដល់ប្រជារាស្ត្រទាំងអស់ មិនគិតពីនិន្នាការនយោបាយ ដោយមិនទុកឲ្យបងប្អូនណាម្នាក់គ្មានអាហារហូបចុកនោះទេ ពោលគឺសុទ្ធតែប្រជាជនខ្មែរតែមួយ។ ដោយមានការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ទើបធ្វើឲ្យកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ សាលារៀន មន្ទីរពេទ្យ និងវិស័យផ្សេងៗជាច្រើនទៀត។

លោក វង់ សណ្ដាប់ ក៏បានជម្រាបជូនដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពិសេសពេលទឹកជន់លិចខ្លាំង អាចមានសត្វអសិរពិសផ្សេងៗចូលផ្ទះសម្បែង ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងមើលថែរក្សាសុខភាពឲ្យបានល្អ ហូបស្អាត ផឹកទឹកឆ្អិន រក្សាអនាម័យជាប្រចាំ ពិសេសបើមានស្ថានភាពសុខភាពមិនស្រួល ត្រូវប្រញាប់រួសរាន់ប្រាប់មកអាជ្ញាធរមូលដ្ឋានបន្ទាន់។

លើសពីនេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាយកចិត្តទុកដាក់ការពារខ្លួនកុំឲ្យមានជួបគ្រោះថ្នាក់ដោយសារទឹកជំនន់ និងចូលរួមចាក់ថ្នាំការពារជំងឺកូវីដ១៩ ទាំងអស់គ្នាបន្តទៀត ដើម្បីខ្លួនយើង និងសង្គមជាតិ និងកុំភ្លេចទៅចូលរួមចុះឈ្មោះបោះឆ្នោតចាប់ពីថ្ងៃទី២០ ខែតុលាខាងមុខនេះ ដើម្បីយើងមានឱកាសទៅបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំប្រទេស ដែលអាចរក្សានូវសុខសន្តិភាពដូចសព្វថ្ងៃនេះបន្តទៅទៀត។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋនៅស្រុកស្ទោង មាន៥០០គ្រួសារមកពីឃុំបន្ទាយស្ទោង ឃុំរុងរឿង និងឃុំព្រះដំរី ស្រុកកំពង់ស្វាយចំនួន២៥០គ្រួសារ មកពីឃុំកំពង់ស្វាយ។ ប្រជាពលរដ្ឋចំនួន៧៥០គ្រួសារ ក្នុងមួយគ្រួសារទទួលបាននូវ៖ អង្ករ០១បេ មី០១កេស ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ ០១យួរ ត្រីខ០១យួរ និងទឹកបរិសុទ្ធ ០១កេស៕

http://image.freshnewsasia.com/2021/id-025/fn-2022-10-07-17-58-33-0.JPG