(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំបន្ថែមដល់អភិបាលខេត្ត និងអាជ្ញាធរនៅតាមបន្ទាត់ព្រំដែន ជាពិសេសព្រំដែនទឹក ត្រូវពង្រឹង និងត្រួតពិនិត្យឱ្យមានម៉ត់ចត់ ដើម្បីទប់ស្កាត់ការរត់ពន្ធមនុស្សចូលកម្ពុជា ដោយខុសច្បាប់។ នេះបើតាមសម្រង់សម្តីរបស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ប្រាប់អ្នកសារព័ត៌មាន។

នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពី លទ្ធផលនៃការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ព្រមទាំងការងារត្រួតពិនិត្យជនបរទេស និងហត្ថពលកម្មបរទេស។

សម្តេចក្រឡាហោម ស ខេង ក៏បានណែនាំដល់អាជ្ញាធរទាំងអស់ ឱ្យបន្តស្រាវជ្រាវ និងពិនិត្យមើលសំណើថ្មីៗ និងករណីដែលនៅសេសសល់ ដើម្បីសង្គ្រោះជនរងគ្រោះ និងស្វែងរកជនសង្ស័យ ព្រមទាំងតាមចាប់ខ្លួនជនល្មើសដែលបានរត់គេចខ្លួនពីសំណាញ់ច្បាប់ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។

ជាមួយគ្នានេះដែរ សម្តេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណចំពោះសាធារណជនទាំងជាតិ និងអន្តរជាតិ ដែលបានចូលរួមផ្តល់ព័ត៌មានផ្សេងៗ មកសមត្ថកិច្ច ដែលបានចូលរួមចំណែកដល់ជោគជ័យចុះប្រតិបត្តិនានារបស់សមត្ថកិច្ចចពោះបទល្មើសជួញដូរមនុស្ស ជួញដូរផ្លូវភេទ និងការបង្ក្រាបល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានស្រង់ប្រសាសន៍របស់សម្តេចក្រឡាហោម ស ខេង យ៉ាងដូច្នេះថា៖ «ក៏បានណែនាំឱ្យពង្រឹងការត្រួតពិនិត្យ និងគ្រប់គ្រងតាមតំបន់ព្រំដែន ទាំងច្រកព្រំដែនទឹក និងច្រកព្រំដែនគោក ហើយចំណុចពិសេសនេះ គឺតាមច្រកព្រំដែនទឹកតែម្តង ដែលកន្លងមកមានការរត់ពន្ធមនុស្សចូលតាមព្រំដែនទឹកដោយខុសច្បាប់ ដោយបានឃាត់ខ្លួនបានជាង៣៥នាក់ តាមទូក ហើយក៏មានករណីថ្មីមួយទៀត ដែលជាករណីរត់ពន្ធមនុស្សនប្រមាណ៣០នាក់ និងបានលិចទូកបណ្តាលឱ្យមនុស្សស្លាប់៨ ឬ៩នាក់»

សម្តេចក្រឡាហោម ស ខេង ក៏បានអំពាវនាវឱ្យបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរបណ្តាប្រទេសនានា ដែលមានជនជាតិខ្លួនរងគ្រោះដោយសារអំពើជួញដូរមនុស្ស ផងដែរ។ ក្រៅពីនេះ សម្តេចក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ បន្តចូលរួមក្នុងកិច្ចប្រតិបត្តិនេះឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីឱ្យយុទ្ធនាការនេះប្រព្រឹត្តទៅដោយរលូន និងមានភាពល្អប្រសើរ។

បន្ថែមពីនេះ សម្តេចក្រឡាហោម ស ខេង បានសម្ដែងការកោតសរសើរចំពោះក្រុមការងារ អាជ្ញាធរ និងកងកម្លាំង សម្រាប់កិច្ចខិតខំប្រឹងប្រែងធ្វើឱ្យសម្រេចបានលទ្ធផលជាវិជ្ជមាន ក្នុងការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ព្រមទាំងការងារត្រួតពិនិត្យជនបរទេស និងហត្ថពលកម្មបរទេស ពិសេសធ្វើឱ្យបទល្មើសក្នុងសង្គមមានការថយចុះគួរកត់សម្គាល់៕