(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា ប្រជាពលរដ្ឋខ្មែរ អាចចិញ្ចឹមមាន់ជល់បាន ប៉ុន្តែបើសិនជាមានការយកទៅជល់ភ្នាល់ខុសច្បាប់ នោះសមត្ថកិច្ចនឹងចាត់វិធានការ។

ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានធ្វើឡើងបន្ទាប់ពីបញ្ចប់កិច្ចប្រជុំពិនិត្យលទ្ធផលនៃការអនុវត្តយុទ្ធនាការប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ និងល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ ព្រមទាំងការងារត្រួតពិនិត្យជនបរទេស និងហត្ថពលកម្មបរទេស ក្រោមអធបិតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២នេះ។

ការបំភ្លឺនេះ បានធ្វើឡើងបន្ទាប់ពីមានព័ត៌មានថា មានសមត្ថកិច្ចនៅមូលដ្ឋានមួយចំនួនតូច បានចុះទៅព្រមាន និងហាមប្រជាពលរដ្ឋមិនឱ្យចិញ្ចឹមមាន់ជល់តទៅទៀត ស្របពេលដែលរាជរដ្ឋាភិបាល ដាក់ចេញវិធានការបង្ក្រាបល្បែងស៊ីសង់ខុសច្បាប់នៅទូទាំងប្រទេស។

លោកនាយឧត្តមសេនីយ៍ បានចាត់ទុកថា ការចុះទៅធ្វើកិច្ចសន្យា ឬព្រមានអ្នកចិញ្ចឹមមាន់ជល់ គឺជាទង្វើមួយដែលមិនអនុវត្តទៅតាមការណែនាំ ឬគោលការណ៍របស់ក្រសួងមហាផ្ទៃនោះទេ។

ឆ្លើយនឹងសំណួរអ្នកសារព័ត៌មាន នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ដូច្នេះថា៖ «ការចិញ្ចឹមមាន់(ជល់) គាត់ចិញ្ចឹមបានតើ នៅក្នុងកន្លែងចិញ្ចឹមមាន់ ប៉ុន្តែសំខាន់កុំឱ្យគាត់ស្ពាយមាន់ទៅជល់ ឬកំពុងជល់(ភ្នាល់) បានយើងត្រូវមានវិធានការ បើសិនជាគាត់ចិញ្ចឹម សូមអញ្ជើញចិញ្ចឹមចុះ នៅក្នុងទ្រង់នៅកន្លែងរបស់គាត់ ប៉ុន្តែប្រសិនបើគាត់ស្ពាយមាន់ហ្នឹងទៅដាក់ជល់ភ្នាល់ អាហ្នឹងគឺគាត់ជល់ភ្នាល់មាន់ហើយ ដែលយើងមិនលើកទឹកចិត្តឱ្យធ្វើអញ្ចឹងទេ»

រាជរដ្ឋាភិបាលកម្ពុជា តាំងពីខែកញ្ញា បានបើកយុទ្ធនាការទ្រង់ទ្រាយធំទូទាំងប្រទេស បង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ បន្ទាប់ពីរកឃើញថា ល្បែងស៊ីសងទាំងនោះ ជាពិសេសល្បែងភ្នាល់តាមអនឡាញ បានបង្កជាបទល្មើស បំផ្លាញសេដ្ឋកិច្ច នាំទៅដល់ករណីជួញដូរមនុស្ស និងកម្លាំងពលកម្មជាដើម។

របាយការណ៍របស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា​ ចាប់តាំងពីបើកយុទ្ធនាការ ថ្ងៃទី១៥ ខែកញ្ញា រហូតដល់ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ សមត្ថកិច្ចបានបង្ក្រាបល្បែងស៊ីសងខុសច្បាប់ សរុប៩៧៩៨កន្លែង និងឃាត់ខ្លួន១៣៨៧៧នាក់ ក្នុងនោះក៏មានការអប់រំធ្វើកិច្ចសន្យា ១៣៦១៣នាក់ និងបញ្ជូនទៅតុលាការ២៦៤នាក់ផងដែរ៕